អនុសាសន៍​ខ្លះៗ​ពី​សាស្ត្រាចារ្យ​សម្រាប់​បេក្ខជន​ប្រឡង​បាក់ឌុប

ដោយ យ៉ង ចាន់តារា
2015-08-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​ចេញ​ពី​មណ្ឌល​ប្រឡង​បាក់ឌុប វិទ្យាល័យ ទួល ទំពូង នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៤។
សិស្ស​ចេញ​ពី​មណ្ឌល​ប្រឡង​បាក់ឌុប វិទ្យាល័យ ទួល ទំពូង នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៤។
RFA/Uon Chhin

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប សម្រាប់​ឆ្នាំ​សិក្សា ២០១៤-​២០១៥ នឹង​មក​ដល់។ សិស្ស​ថ្នាក់​ទី​១២ ជា​ច្រើន​កំពុង​មមាញឹក​ក្នុង​ការ​ត្រៀមខ្លួន​ចូល​រួម​ប្រឡង ដោយ​ខ្លះ​អះអាង​ថា នឹង​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ គ្រូបង្រៀន និង​សាស្ត្រាចារ្យ​ខ្លះ ក៏​កំពុង​បង្វឹក​សិស្ស​របស់​ខ្លួន​ដោយ​យក​ចិត្ត​ទុក​ដាក់​ដែរ។

តើ​បេក្ខជន​ទាំង​អស់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​មុន និង​ក្នុង​ពេល​ប្រឡង?

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​ទូទាំង​ប្រទេស​នៅ​ដើម​សប្ដាហ៍​ក្រោយ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៤ ដល់ ២៥ ខែ​សីហា។ បេក្ខជន​ជា​ច្រើន​មិន​ថា​អ្នក​នៅ​ទីក្រុង ឬ​តាម​បណ្ដា​ខេត្ត​នានា សុទ្ធតែ​កំពុង​ត្រៀម​ខ្លួន​ប្រឡង​យក​សញ្ញាបត្រ និង​បញ្ចប់​ការសិក្សា​ថ្នាក់​ចំណេះ​ទូទៅ​របស់​ខ្លួន។ ​ពួកគេ​ខ្លះ​មមាញឹក​ក្នុង​ការ​ទន្ទេញ​មេរៀន ខ្លះ​ជួបជុំ​គ្នា​ដោះស្រាយ​លំហាត់ និង​ខ្លះ​ទៀត​ឆ្លៀត​ឱកាស​មក​ចូលរួម​ស្តាប់​ដំបូន្មាន​របស់​អ្នក​មាន​បទពិសោធន៍។ មាន​បេក្ខជន​ខ្លះ​ទៀត​ដោយ​ហេតុ​តែ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​នោះ ក៏​អាច​មក​ចូល​រួម​ស្ដាប់​ព័ត៌មាន​ស្ដី​អំពី​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៀត​ផង។

​បេក្ខជន​មួយ​ក្រុម​ដែល​បាន​មក​ចូលរួម​ស្ដាប់​ព័ត៌មាន​ស្ដីពី​ការ​សិក្សា​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា បាន​អះអាង​ថា ពួកគេ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រឡង​បាក់ឌុប នៅ​ឆ្នាំ​នេះ ដោយ​រំពឹង​ថា នឹង​អាច​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត។

សំឡេង​បេក្ខជន៖ «សម្រាប់​ខ្ញុំ​ផ្ទាល់ គឺ​ខ្ញុំ​អត់​សូវ​មាន​សង្ឃឹម​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​អស់​ពី​សមត្ថភាព។ ខ្ញុំ​អត់​ដាក់​សំណៅ​ឯកសារ​ទៅ​ជាមួយ​ទេ ព្រោះ​ខ្ញុំ​អត់​ហ៊ាន។ កាល​ពី​មុន​ភ័យ​ដែរ តែ​ឥឡូវ​លែង​ទំនុក​ចិត្ត​ប្រហែលជា​អាច​ជាប់។ ធ្លាប់​លឺ​ក្រសួង​ថា រឹត​បន្តឹង​អ៊ីចឹង មាន​អារម្មណ៍​ភ័យ ហើយ​សម​ជាមួយ​យើង​រៀន​អត់​សូវ​ចេះ​ទៀត កាន់​តែ​ភ័យ ប៉ុន្តែ​ឥឡូវ​ក្រោយ​ពី​រៀន​រយៈពេល​យូរ មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ប្រលង​នៅ​ថ្ងៃ​ច័ន្ទ។ ត្រៀម​ខ្លួន គឺ​ត្រូវ​មើល​មេរៀន ទន្ទេញ​មេរៀន ហើយ​ចាំ​នៅ​ក្នុង​ខួរក្បាល​របស់​យើង ហើយ​តាំង​ចិត្ត​ថា យើង​អាច​ធ្វើ​បាន កុំ​ភ័យ ព្រោះ​បើ​ភ័យ​វា​អាច​ធ្វើ​ឱ្យ​យើង​ភ្លេច»

​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅតែ​បន្ត​រឹត​បន្តឹង​ការ​ប្រឡង​សញ្ញាបត្រ​ដដែល ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា។ បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ផ្ញើ​សារ​ដល់​បេក្ខជន​ប្រឡង​ទាំង​អស់​ឱ្យ​គោរព​នូវ​បទបញ្ញត្តិ និង​កម្រិត​វិន័យ​ទាំង ៥ នៃ​ការ​ប្រឡង បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ឬ​មួយ​ក៏​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ទៀត​ផង។

បេក្ខជន​ដែល​យក​សំណៅ​ឯកសារ បេក្ខជន​ដែល​ចម្លង​អ្នក​ដទៃ ឬ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ក្នុង​បន្ទប់​ប្រឡង នឹង​ត្រូវ​បាន​ពិន្ទុ​សូន្យ។ ក្រៅ​ពី​នេះ បើ​ក្រសួង​ពិនិត្យ​ឃើញ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​មាន​ខ្លឹមសារ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​សំណៅ​ឯកសារ​ផ្សេងៗ ដែល​បាន​សរសេរ​ទុក​មុន​នោះ បេក្ខជន​ក៏​នឹង​បាន​ពិន្ទុ​សូន្យ​ដូចគ្នា។ បន្ថែម​ពី​លើ​នេះ បើសិនជា​បេក្ខជន​ណា​ឱ្យ​សន្លឹក​កិច្ចការ​របស់​ខ្លួន​ទៅ​អ្នក​ដទៃ​ចម្លង បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់ ឬ​ធ្វើ​ជា​មេខ្លោង​ប្រមូល​លុយ​ឱ្យ​អនុរក្ស បេក្ខជន​នោះ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ហើយ​ត្រូវ​បញ្ឈប់​មិន​ឱ្យ​ប្រឡង​មួយ​ឆ្នាំ​បន្ទាប់។

បើសិនជា​បេក្ខជន​ណា​យក​អាវុធ​ជាតិ​ផ្ទុះ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​ឱ្យ​គេ​ប្រឡង​ជំនួស ឬ​មួយ​ធ្វើ​ឱ្យ​ខូចខាត​ឧបករណ៍​ក្នុង​បន្ទប់​ប្រឡង បេក្ខជន​តាំង​នោះ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រឡង​រយៈពេល ២​ឆ្នាំ​បន្ទាប់​ទៀត។

លោក ហង់ ជួនណារ៉ុន៖ «បើសិនជា​បេក្ខជន​ធ្វើ​ឱ្យ​ខូច​សណ្ដាប់ធ្នាប់ របៀបរៀបរយ ឬ​មួយ​ក៏​បង្កើត​ជា​ក្លឹប​រៀបចំ​ចម្លើយ បេក្ខជន​នោះ​នឹង​ត្រូវ​ឱ្យ​ធ្លាក់​ហើយ ហើយ​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​បញ្ហា​ការ​អនុវត្ត​ច្បាប់ មាន​ន័យ​ថា ក្រសួង​នឹង​ប្រគល់​បេក្ខជន​ទៅ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ពេល​ដែល​បេក្ខជន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អនុរក្ស ឬ​ក៏​ធ្វើ​ឱ្យ​មាន​របួស​ស្នាម​ជា​ដើម»

នៅ​រយៈពេល​ដ៏​ខ្លី​មុន​ការ​ប្រឡង​មក​ដល់​លោកគ្រូ នាង បូ សាស្ត្រាចារ្យ​គណិតវិទ្យា​នៃ​វិទ្យាល័យ​បាក់ទូក បាន​ផ្ដល់​យោបល់​ឱ្យ​បេក្ខជន​ទាំង​អស់​រំលឹក​ឡើង​វិញ​នូវ​ចំណុច​គោល​ដែល​ធ្លាប់​បាន​រៀន​កន្លង​មក។ សម្រាប់​មុខវិជ្ជា​គណិតវិទ្យា លោកគ្រូ នាង បូ មិន​ចង់​ឱ្យ​បេក្ខជន​សិក្សា​ពី​លំ​ហាត់​ដែល​ជ្រៅ​ពេក​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ក្រសួង​នឹង​បន្ធូរ​វិញ្ញាសា។ លោក​ចង់​ឱ្យ​បេក្ខជន​ផ្ដោត​លើ​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​តែងតែ​ចេញ​ប្រឡង​សម្រាប់​មុខវិជ្ជា​គណិតវិទ្យា។

លោកគ្រូ នាង បូ៖ «ចំនួន​កុំផ្លិច​ហ្នឹង​ដឹង​តែ​ចេញ​ហើយ។ ចំណែក​អនុគមន៍​ខ្សែ​កោង ដឹង​តែ​ចេញ ១០០​ហើយ។ កូន​សិស្ស​ទាំង​អស់​ត្រូវ​ពិនិត្យ​មើល​របៀប​ដោះស្រាយ​ខ្សែ​កោង​ហ្នឹង​ពី​ជំហាន​មួយ​ទៅ​ជំហាន​មួយ​ឱ្យ​បាន​ច្បាស់។ ចំពោះ​ធរណីមាត្រ វ៉ិចទ័រ​ដឹង​តែ​មាន​ហើយ។ ចំពោះ​ប្រូបាប ក៏​ដឹង​តែ​មាន​ដែរ ហើយ​យើង​សង្ឃឹម​ថា ប្រូបាប​ហ្នឹង​ចេញ​ពពួក​ប្រើ​បន្សំ ហើយ​និង​អាំងតេក្រាល។ បើសិនជា​គេ​ចេញ ក៏​មិន​សូវ​ចេញ​លំបាក​ដែរ​ចំពោះ​អាំងតេក្រាល។ សមីការ​ឌីផេរ៉ង់ស្យែល​អី​ហ្នឹង គេ​នឹង​ចេញ​ខ្លះ​ហើយ តែ​មិន​ជ្រៅ​ខ្លាំង​លំបាក​អី​ពេក​ដែរ»

​ចំណែក​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​វិញ ក៏​ទាមទារ​ឱ្យ​បេក្ខជន​យល់​ដឹង​ពី​បច្ចេកទេស​ខ្លះៗ​ដែរ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ។ សាស្ត្រាចារ្យ និង​ជា​ប្រធាន​ក្រុម​បច្ចេកទេស​អក្សរសាស្ត្រ​ខ្មែរ​នៃ​វិទ្យាល័យ​បាក់ទូក អ្នកគ្រូ កង សុខុម បាន​ប្រាប់​ពី​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​តាក់តែង​អត្ថបទ​សំណេរ​ដែល​ជា​ផ្នែក​សំខាន់​ជាង​គេ​សម្រាប់​មុខវិជ្ជា​មួយ​នេះ។

អ្នកគ្រូ កង សុខុម៖ «ផ្ដើម​ហ្នឹង​វា​មាន ៣​ចំណុច គឺ​លំនាំ​បញ្ហា ចំណូល​បញ្ហា និង​ចំណោទ​បញ្ហា។ ចូល​មក​ដល់​តួ​សេចក្ដី យើង​មាន​ឃ្លា​ភ្ជាប់ ហើយ​យើង​មាន​ពន្យល់​ពាក្យ រួច​យើង​ពន្យល់​ន័យ បន្ទាប់​មក​បកស្រាយ។ នៅ​ក្នុង​បំណកស្រាយ​ហ្នឹង ពិន្ទុ​វា​សំខាន់​ត្រង់​ហ្នឹង គឺ​វា​ច្រើន​ពិន្ទុ​រហូតដល់ ៤០​ពិន្ទុ​ឯ​ណោះ។ អ៊ីចឹង​កន្លែង​បកស្រាយ វា​មាន​គំនិត​សំខាន់ វា​មាន​សេចក្ដី​លម្អិត​គាំទ្រ ហើយ​និង​ឧទាហរណ៍។ ឧទាហរណ៍​ហ្នឹង បើ​ប្រធាន​វា​លើក​ពី​ព្រឹត្តិការណ៍​ណា​មួយ វា​អាច​ទាក់ទង​នឹង​អក្សរ​សិល្ប៍ ឬ​សង្គម ឬ​ប្រវត្តិសាស្ត្រ ឬ​ក៏​ជុំវិញ​ពិភពលោក ហើយ​ដល់​ពេល​បកស្រាយ​ឧទាហរណ៍​ហើយ យើង​ចូល​ដល់​សរុប​សេចក្ដី។ ចំណែក​សេចក្ដី​បញ្ចប់ រួមមាន​វាយ​តម្លៃ ហើយ​និង​មតិ​ផ្ទាល់​ខ្លួន»

​វិញ្ញាសា​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​បាក់ឌុប នៅ​ឆ្នាំ​២០១៥ មាន​លក្ខណៈ​ផ្សេង​គ្នា​ទៅ​តាម​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម។ វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ  រួម​មាន​មុខវិជ្ជា គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា មុខវិជ្ជា​ជម្រើស អក្សរសាស្ត្រ​ខ្មែរ ភាសាបរទេស និង​គណិតវិទ្យា។ ចំណែក​វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​វិញ រួម​មាន​មុខវិជ្ជា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-​ពលរដ្ឋវិទ្យា មុខវិជ្ជា​ជម្រើស គណិតវិទ្យា ភាសាបរទេស និង​អក្សរសាស្ត្រ​ខ្មែរ។ ការ​ប្រឡង​សញ្ញាបត្រ​បាក់ឌុប នៅ​ឆ្នាំ​នេះ មាន​របប​ពិន្ទុ​អតិបរមា ៥០០​ពិន្ទុ ប៉ុន្តែ​ដោយ​មុខវិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់ គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ដូចនេះ​បេក្ខជន​នឹង​ប្រឡង​ជាប់​ត្រឹម​លំដាប់​ពិន្ទុ ២៣៧​ពិន្ទុ។

ទាក់ទង​ទៅ​នឹង​សកម្មភាព​ពេល​ប្រឡង​វិញ លោក​សាស្ត្រាចារ្យ នាង បូ បាន​ប្រាប់​ឱ្យ​បេក្ខជន​ទាំង​អស់​អាន​សំណួរ​តាម​លេខ​រៀង​នីមួយៗ ដោយ​យក​ចិត្ត​ទុក​ដាក់។ ពេល​បេក្ខជន​ឃើញ​សំណួរ​ណា​ដែល​ងាយ​ជាង​គេ ហើយ​ដែល​គិត​ខ្លួន​ឯង​អាច​ធ្វើ​បាន ចូរ​ដោះស្រាយ ឬ​ឆ្លើយ​សំណួរ​នោះ​តាម​លំដាប់​លំដោយ ដោយ​កំណត់​ពេលវេលា​ឱ្យ​ច្បាស់លាស់។ លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា បេក្ខជន​មិន​ត្រូវ​ធ្វើ​សំណួរ​ណាមួយ​ឱ្យ​គាំង​លើស​ពី ៥​នាទី​នោះ​ទេ។ បើសិនជា​បេក្ខជន​គាំង​នៅត្រង់​សំណួរ​ណា​មួយ​នោះ ត្រូវ​ធ្វើ​សំណួរ​ផ្សេង​ទៀត បើ​មិន​ដូច្នេះ​ទេ គេ​នឹង​មិន​អាច​បញ្ចប់​គ្រប់​សំណួរ​នៃ​វិញ្ញាសា​នោះ​បាន​ឡើយ។

លោកគ្រូ នាង បូ៖ «បេក្ខជន​មិន​ត្រូវ​បោះបង់​សំណួរ​ណា​មួយ​ចោល​ទាំង​ស្រុង​នោះ​ឡើយ។ ទោះ​បី​ចេះ​ក្តី មិន​ចេះ​ក្តី​ក៏​ត្រូវ​តែ​សរសេរ ហើយ​ពេល​សរសេរ​រួច​រាល់​អស់​ហើយ ត្រូវ​ទុក​ពេល​ផ្ទៀងផ្ទាត់​តាម​លំដាប់លំដោយ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ពី ២ ទៅ ៣​ដង។ បេក្ខជន​ទាំង​អស់​មិន​ចាំបាច់​គិត​ថា ខ្លួន​ត្រូវតែ​យក​កិច្ចការ​ទៅ​ដាក់​មុន​គេ ឬ​ក៏​ក្រោយ​គេ​នោះ​ទេ សំខាន់​យើង​ផ្ទៀងផ្ទាត់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​ហាម​ដាច់ខាត ការ​ទុក​សន្លឹក​កិច្ចការ​របស់​ខ្លួន​ឱ្យ​អ្នកដទៃ​យក​ទៅ​ជូន​អនុរក្ស ឯ​ចំណែក​ខ្លួន​ឯង​ដើរ​ចេញ​ក្រៅ​បន្ទប់​បាត់។ នេះ​ជា​ប្រការ​ខុស​ឆ្គង​បំផុត»

​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៥ នេះ មាន​បេក្ខជន​សរុប​ជិត ៩​ម៉ឺន​នាក់ (៨៨.៤៨៨) ក្នុង​នោះ​ស្រី​មាន​ជាង ៤​ម៉ឺន​នាក់ (៤២.០៣៦) ហើយ​មណ្ឌល​ប្រឡង​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១៥០​មណ្ឌល។ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​នេះ នឹង​ប្រកាស​ជូន​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ចំពោះ​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដោយ​ឡែក​បណ្ដា​ខេត្ត​ផ្សេង​ទៀត នឹង​ត្រូវ​ប្រកាស​ជូន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល