យុវជន​មួយ​ចំនួន​គិត​ថា​ទស្សនកិច្ច​សិក្សា​ជា​មេរៀន​បន្ថែម​សម្រាប់​ការ​អភិវឌ្ឍ​យុវជន

ដោយ យ៉ង ចាន់តារា
2016-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ដឹក​នាំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ.អ.ឌី.ភី (YRDP) ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ដែល​មាន​ភាព​ចម្រូងចម្រាស​រឿង​ដីធ្លី និង​ការ​ជីក​យក​រ៉ែ​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Cheu Sideth
ក្រុម​យុវជន​ដឹក​នាំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ.អ.ឌី.ភី (YRDP) ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ដែល​មាន​ភាព​ចម្រូងចម្រាស​រឿង​ដីធ្លី និង​ការ​ជីក​យក​រ៉ែ​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

យុវជន​សកម្ម​មួយ​ចំនួន ជំរុញ​ឲ្យ​យុវជន​ដែល​មិន​សូវ​ចាប់​អារម្មណ៍​នឹង​បញ្ហា​សង្គម ឬ​ដែល​រវល់​តែ​នឹង​ការ​សិក្សា​នៅ​ក្នុង​សាលា ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​រឿង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​តំបន់​មាន​បញ្ហា ឬ​មាន​ទំនាស់​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ពួក​គេ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​ជាច្រើន​ថ្ងៃ ទៅ​កាន់​តំបន់​មាន​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ខេត្ត​ព្រះវិហារ កាល​ពី​ពេល​កន្លង​ទៅ។

ក្រុម​យុវជន​គិត​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​ជា​រឿង​សំខាន់​មិន​អាច​មើល​រំលង​បាន គឺ​ដោយសារ​តែ​ពួក​គេ​ទទួល​បាន​បទពិសោធន៍ និង​ចំណេះ​ដឹង​ថ្មីៗ ព្រម​ទាំង​បាន​ឃើញ​ផ្ទាល់​ភ្នែក​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន ដែល​កំពុង​មាន​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។

ក្រុម​យុវជន​ជាង ៣០​នាក់​ដឹក​នាំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ..ឌី.ភី (YRDP) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ដែល​មាន​ភាព​ចម្រូងចម្រាស​រឿង​ដីធ្លី និង​ការ​ជីក​យក​រ៉ែ​នៅ​ខេត្ត​ព្រះវិហារ។

ជំនួយការ​គម្រោង​អប់រំ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក សែម ហាក់ បញ្ជាក់​ថា គោល​បំណង​នៃ​ទស្សនកិច្ច​សិក្សា​នេះ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ក្លាយ​ជា​ពលរដ្ឋ​សកម្ម​ក្នុង​ការ​ជជែក​ពិភាក្សា និង​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​ជាក់ស្តែង​ក្នុង​សង្គម ព្រម​ទាំង​បន្ត​ឆន្ទៈ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​តាម​រយៈ​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្ដូរ​បទពិសោធន៍​ជីវិត​នៅ​តាម​សហគមន៍ «ការ​ចូលរួម​របស់​គាត់​សកម្ម​មែន​ទែន ហើយ​គាត់​ចូលរួម​សួរ​សំណួរ គាត់​ចូលរួម​សកម្មភាព​ទៅ​មើល​ទីកន្លែង គាត់​មាន​ការ​សហការ ហើយ​គាត់​អត់​មាន​ការ​ភ័យ​ខ្លាច​ទៀត ទោះ​បី​អាជ្ញាធរ​មក​ក្បែរ ឬ​ក៏​មាន​សកម្មភាព​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ភ័យ​ខ្លាច ប៉ុន្តែ​គាត់​អត់​ភ័យ​ខ្លាច​ទេ។ គាត់​នៅ​តែ​ចង់​ដឹង​ចង់​យល់​អំពី​បញ្ហា​ទាំង​នេះ រហូត​គាត់​ហ៊ាន​ទៅ​ដល់​ទីតាំង​ដែល​មាន​អាជ្ញាធរ​ដែល​កំពុង​តែ​យាម​កាម​ដោយ​មាន​កាន់​អាវុធ​ទៀត​ផង»

លោក សែម ហាក់ ពន្យល់​ថា វា​ជា​រឿង​ចាំបាច់​សម្រាប់​យុវជន​ក្នុង​ការ​ចុះ​សិក្សា​ផ្ទាល់​ពី​បញ្ហា​ផ្សេងៗ​ដែល​កំពុង​កើត​ឡើង​នៅ​មូលដ្ឋាន បើ​សិន​ជា​ពួក​គេ​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ទៅ​ថ្ងៃ​មុខ «ខ្ញុំ​លើក​ទឹក​ចិត្ត​ដល់​យុវជន ឲ្យ​តាម​ដាន​រឿង​សង្គម ពិសេស​ទស្សនកិច្ច​សិក្សា​ទៅ​តាម​មើល​បញ្ហា​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ​នៅ​ក្នុង​សហគមន៍​ផ្ទាល់ ពីព្រោះ​យុវជន គឺ​ជា​ស្នូល​នៃ​ការ​អភិវឌ្ឍ​សង្គម។ យុវជន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ថ្នាក់​ជាតិ​ទៀត រហូត​គេ​បាន​កំណត់​នៅ​ក្នុង​គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​ធនធាន​យុវជន ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១១»

យុវជន​បាន​ធ្វើ​សកម្មភាព​ជាច្រើន​អំឡុង​ពេល​ចុះ​កម្មសិក្សា​រយៈពេល ៤​ថ្ងៃ។ សកម្មភាព​ទាំង​នោះ ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ពេលវេលា និង​ទីកន្លែង​ដែល​ពួក​គេ​ទៅ​ដល់។

នៅ​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ក្រុម​យុវជន​បាន​ចុះ​ទៅ​ដល់​តំបន់​គោក​គ្រាល ជា​តំបន់​ជម្លោះ​រវាង​ពលរដ្ឋ​នៃ​សហគមន៍​ជនជាតិ​ភាគ​តិច​កួយ ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករស​របស់​ចិន ឈ្មោះ ឡាន ហ្វេង (Lan Feng) និង រួយ ហ្វេង (Ruoy Feng) ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ចំនួន​ជិត ២​ម៉ឺន​ហិកតារ។ ពួក​គេ​បាន​ជួប​ជជែក​គ្នា​ជាមួយ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ព្រៃ ដើម្បី​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការ​ឈូស​ឆាយ​ដី​ព្រៃ​ពី​សំណាក់​ក្រុមហ៊ុន​ទាំង​ពីរ។

ដោយឡែក​នៅ​ពេល​យប់​វិញ ក្រុម​យុវជន​បាន​លេង​ល្បែង​កម្សាន្ត មុន​នឹង​ឈាន​ដល់​ការ​ធ្វើ​សមាធិ​តាំង​ចិត្ត​ឲ្យ​ស្ងប់។ បន្ទាប់​មក ពួក​គេ​ត្រូវ​បាន​បែង​ចែក​ជា​ក្រុម ដើម្បី​គូរ​រូប​ទន្លេ​ជីវិត​របស់​ខ្លួន រួច​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ពួក​គេ​ដូច​ទឹក​ទន្លេ តាំង​ពី​នៅ​ក្មេង​រហូត​ដល់​បច្ចុប្បន្ន។ បន្ថែម​ពី​លើ​នេះ ក្រុម​និស្សិត​តែង​ធ្វើ​ការ​ប្រជុំ​វាយ​តម្លៃ​សកម្មភាព​របស់​ខ្លួន និង​ប្រាប់​ពី​គម្រោង​សកម្មភាព​បន្ត​ជា​រៀង​រាល់​ថ្ងៃ។

ដោយឡែក​នៅ​ក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ វិញ ក្រុម​យុវជន​បាន​ទៅ​ដល់​តំបន់​ជីក​យក​រ៉ែ​មួយ​កន្លែង​ស្ថិត​នៅ​តំបន់​ភ្នំ​លុង ដែល​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​មួយ​ចំនួន រុក​រក​រ៉ែ​យ៉ាង​អនាធិបតេយ្យ។

យុវជន​ម្នាក់ គឺ​កញ្ញា សៀងលី ស្រីនិត ថ្លែង​ថា នាង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ជាច្រើន​ពី​ដំណើរ​ទស្សនកិច្ច​សិក្សា​បែប​នេះ គឺ​ច្រើន​ជាង​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់​ទៅ​ទៀត។ នាង​បន្ត​ថា បើ​ទោះ​ជា​អាជ្ញាធរ​ហាក់​មិន​សូវ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​និស្សិត ទៅ​កាន់​តំបន់​មាន​ជម្លោះ​ក៏ដោយ ក៏​ពួក​នាង​នៅ​តែ​ជម្នះ​រហូត​បាន​ទៅ​ជួប​ពលរដ្ឋ​រងគ្រោះ​ដដែល «ខ្ញុំ​សូម​ជំរុញ​ឲ្យ​យុវជន​ទាំងអស់​មាន​ការ​ចូលរួម​ក្នុង​សហគមន៍​ដែល​មាន​បញ្ហា និង​ចុះ​ទៅ​មើល​ផ្ទាល់ ដើម្បី​ចែក​រំលែក​បទពិសោធន៍​នៅ​តាម​សហគមន៍​ដល់​ប្រជាពលរដ្ឋ ដែល​គាត់​មិន​សូវ​បាន​យល់​ដឹង​បញ្ហា​នៅ​ក្នុង​សង្គម។ អ៊ីចឹង​ដើម្បី​ជួយ​ពន្យល់​គាត់​ឲ្យ​គាត់​មាន​ការ​ចេះ​ដឹង​ច្រើន ដើម្បី​អភិវឌ្ឍ​នៅ​ក្នុង​សហគមន៍​របស់​គាត់»

យុវជន​ម្នាក់​ទៀត គឺ​លោក រ៉ា សូណា បញ្ជាក់​ថា អ្វី​ដែល​លោក​ចាប់​អារម្មណ៍​ខ្លាំង គឺ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​ព្រះវិហារ ដែល​ទទួល​រង​ការ​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ពី​សំណាក់​ក្រុមហ៊ុន និង​ឈ្មួញ​មួយ​ចំនួន។ លោក​ចង់​ឲ្យ​យុវជន​ដទៃ​ទៀត ចុះ​មក​ធ្វើ​ការ​សិក្សា​ដោយ​ផ្ទាល់​ដូច​ពួក​លោក​ដែរ ដើម្បី​ដឹង​ពី​ការ​រស់នៅ​ជាក់ស្តែង​របស់​ពលរដ្ឋ​នៅ​តំបន់​ដទៃ​ដែល​កំពុង​មាន​វិបត្តិ «ផល​ប៉ះពាល់​នៃ​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ការ​ស្រាវជ្រាវ​ជីក​រក​រ៉ែ​ដោយ​អនាធិបតេយ្យ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​ទន្ទ្រាន​យក​ដី គឺ​វា​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ ដូច្នេះ​ហើយ សូម​ឲ្យ​យុវជន​ទាំងអស់​ទុក​ពេល​ដ៏​មាន​ប្រយោជន៍​របស់​គាត់ ចុះ​មក​សិក្សា​ស្រាវជ្រាវ​ឲ្យ​ដល់​កន្លែង​ផ្ទាល់​ជាក់ស្តែង​តែ​ម្តង បន្ទាប់​ពី​គាត់​បាន​សិក្សា​ពី​សាលា​ដែល​គ្រាន់​តែ​ជា​ទ្រឹស្ដី»

ក្រៅ​ពី​ចង់​ឲ្យ​យុវជន​ខ្មែរ​បែរ​មក​ចាប់​អារម្មណ៍​នឹង​រឿង​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​តំបន់​មាន​បញ្ហា​ចម្រូងចម្រាស ក្រុម​យុវជន​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​នៅ​តាម​តំបន់​ទាំង​នោះ​ដែរ ឲ្យ​ទទួល​ស្វាគមន៍​យុវជន​គ្រប់​គ្នា និង​បើក​ទូលាយ​ចំពោះ​ព័ត៌មាន​ទាំងឡាយ​ដែល​យុវជន​ចង់​ដឹង ដើម្បី​ឲ្យ​ពួក​គេ​ក្លាយ​ជា​ទំពាំង​ដែល​រឹងមាំ​អាច​ស្នង​ឫស្សី​បាន​នា​ពេល​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល