គ.ជ.ប និង​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​យុវជន​តាម​ដាន​ដំណើរ​ការ​បោះឆ្នោត​ឱ្យ​បាន​សកម្ម

ដោយ យ៉ង ចាន់តារា
2016-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ស្វែង​យល់​អំពី​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​យុត្តិធម៌ នៅ​វត្ត​ពិភិទ្ធារាម ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Hum Chamroeun
ក្រុម​យុវជន​ស្វែង​យល់​អំពី​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​យុត្តិធម៌ នៅ​វត្ត​ពិភិទ្ធារាម ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​យុវជន​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត និង​ឃ្លាំមើល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ ដើម្បី​បំពេញ​តួនាទី​ជា​យុវជន​សកម្ម​ក្នុង​សង្គម។ មន្ត្រី គ.ជ.ប និង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​បែប​នេះ ដោយសារ​តែ​យុវជន​មាន​ចំនួន​ជាង ៣០​ភាគរយ នៃ​ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៧,៨​លាន​នាក់ (៧.៨៧៣.១៩៤) នៃ​អ្នក​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ជាង ២​លាន​នាក់ ឬ​ស្មើ​នឹង​ជាង ៣៤​ភាគរយ គឺ​ជា​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៣០​ឆ្នាំ។

លោក ហង្ស ពុទ្ធា ថ្លែង​ថា គ.ជ.ប នឹង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដូច្នេះ​យុវជន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​ខ្លួន​ពេញ​ចិត្ត។ លោក​បន្ថែម​ថា យុវជន​ជា​ទំពាំង​ស្នង​ឫស្សី  ដូចនេះ​ពួកគេ​ក៏​ត្រូវ​រៀន​សូត្រ​អំពី​រឿង​បោះឆ្នោត​ដែរ ដើម្បី​អាច​ក្លាយ​ខ្លួន​ជា​អ្នកដឹកនាំ​ទៅ​ថ្ងៃ​មុខ៖ «ក្នុង​ឱកាស​នេះ យុវជន​គឺ​ជា​អ្នក​ផ្សព្វផ្សាយ និង​ជា​អ្នក​ផ្ដល់​ព័ត៌មាន​ពី​ម៉ាត់​មួយ​ទៅ​ម៉ាត់​មួយ​ស្តី​អំពី​ដំណើរការ​បោះ​ឆ្នោត​ដែល​អ្នក​មាន​សិទ្ធិ​សម្រេច​ទៅ​លើ​សន្លឹក​ឆ្នោត​មួយ​សន្លឹក ហើយ​ការ​បោះ​ឆ្នោត​គឺ​ជា​វិធី​ហិង្សា ហើយ​យុវជន​ក៏​នឹង​ត្រៀម​រៀន​សូត្រ​ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ឃុំ​សង្កាត់​របស់​ខ្លួន​នៅ​ពេល​អនាគត»

​ឯកសារ​ជំនួយ​ស្មារតី​ទាក់ទង​នឹង​ការ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) បញ្ជាក់​ថា យុវជន​គឺ​ជា​អ្នក​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ធ្វើ​ឱ្យ​សំឡេង​ឆ្នោត​មាន​ការ​ប្រែប្រួល។ យុវជន​ត្រូវ​បង្ហាញ​ដល់​ថ្នាក់ដឹកនាំ​ថា ខ្លួន​មាន​ឥទ្ធិពល​ទៅ​លើ​ក្រុម​មនុស្ស​ដទៃ​ទៀត ដូចជា​មនុស្ស​ជំទង់ ឬ​មនុស្ស​ចាស់ ព្រោះ​ខ្លួន​គឺ​ជា​យុវជន​ដែល​មាន​ចំណេះដឹង និង​កម្លាំង​កាយ​រឹង​មាំ ហើយ​អាច​ធ្វើ​ការ​អប់រំ និង​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា យុវជន​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​សំឡេង​រួម ដើម្បី​ផលប្រយោជន៍​រួម​របស់​ពួកគេ។

ឯកសារ​ដដែល​បន្ត​ថា យុវជន​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​មាន​តម្លៃ​នៅ​ក្នុង​សង្គម តាម​រយៈ​ការ​ប្រកាន់​អត្តចរិត​ឱ្យ​សមជា​ពលរដ្ឋ​ល្អ ទោះបីជា​ពួកគេ​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ តិចតួច ឬ​មិន​មាន​ក្តី។ យុវជន​ត្រូវតែ​តាម​ដាន​រាល់​ការ​ដឹក​នាំ​របស់​អ្នក​នយោបាយ ហើយ​ត្រូវ​ចេះ​លើក​យក​បញ្ហា​ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ មក​ធ្វើ​ការ​ជជែក​ពិភាក្សា​ជាមួយ​ក្រុម ឬ​អង្គការ​សមាគម​យុវជន​ដទៃ​ទៀត ឬ​ជាមួយ​អ្នក​នយោបាយ​តាម​គ្រប់​រូបភាព ដូចជា​ចូលរួម​ក្នុង​វេទិកា​នានា ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង​រដ្ឋាភិបាល​ជាដើម។

មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សា​វ៉ាង ថ្លែង​ថា ចំនួន​យុវជន​ជាង ៣៤​ភាគរយ​នៃ​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ជា​​ចំនួន​មួយ​ដ៏​ច្រើន​ដែល​គ្រប់​គណបក្ស​នយោបាយ​គួរ​យក​ចិត្ត​ទុក​ដាក់ ដោយសារ​យុវជន​មាន​ចំណេះ​ដឹង​ថ្មីៗ និង​វិវត្តន៍​ខ្លួន​ទាន់​សង្គម៖ «សំឡេង ២​លាន​នាក់​នេះ គឺ​ឥទ្ធិពល​ខ្លាំង​ណាស់ ខ្លាំង​មែន​ទែន។ នេះ​ហើយ​ជា​ចំណុច​ដែល​គណបក្ស​នយោបាយ មិន​អាច​នៅ​ទំនេរ មិន​អាច​នៅ​ព្រងើយ​កន្តើយ​ជាមួយ​ខាង​យុវជន​ហ្នឹង​ទេ គឺ​គាត់​ត្រូវ​តែ​ធ្វើ​ម៉េច​ទាក់ទាញ​ប្រជាប្រិយភាព​ពី​យុវជន ពីព្រោះ​យុវជន​យើង​សព្វថ្ងៃ​លោក (យុវជន) តាម (ដាន) ហើយ​លោក​បាន​ចូល​រួម​ច្រើន ហើយ​ជា​អ្នក​ដែល​រុញច្រាន​សង្គម​ជាតិ​យើង​នៅ​គ្រប់​ស្ថានភាព​ទាំង​អស់ គឺ​ថា លោក​ចូល​រួម ហើយ​លោក​ដឹកនាំ​ច្រើន​ណាស់»

លោក​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​វិស័យ​នយោបាយ និង​ត្រូវ​តាមដាន​នូវ​រាល់​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើត​មាន​ក្នុង​សង្គម។ លោក​ថា យុវជន​មិន​ត្រូវ​នៅ​ស្ងៀម​នោះ​ទេ តែ​ត្រូវ​ចេះ​ប្រើប្រាស់​សក្ដានុពល​របស់​ខ្លួន និង​ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​អាច​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​របស់​ខ្លួន។ លើស​ពី​នេះ លោក​ក៏​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​ដាក់​បេក្ខភាព​យុវជន​ជា​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​ថ្នាក់​ជាតិ​ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ក្នុង​សង្គម៖ «រយៈពេល​ពី​នេះ​ត​ទៅ គាត់ (យុវជន) គួរ​តែ​ធ្វើការ​តាមដាន ពីព្រោះ​កម្លាំង​របស់​គាត់​នេះ​មិនមែន​តូច​ទេ ជាង ២​លាន​នាក់។ គាត់​គួរតែ​តាមដាន​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់​នៅ​ក្នុង​សង្គម​នយោបាយ ជាពិសេស​ទាក់ទង​នឹង​ការ​ដាក់​បេក្ខជន គឺ​ថា គាត់​ត្រូវតែ​តាមដាន​ឃ្លាំមើល​សកម្មភាព​ដែល​ទាក់ទង​ទៅ​នឹង​រឿង​សន្តិសុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ហ្នឹង ព្រោះ​គាត់​ហ្នឹង​ជា​ជំហរ​មួយ។ កាល​ណា​ឃើញ​អ្វី​មួយ​ដែល​ជា​បញ្ហា គាត់​អាច​នឹង​មាន​កម្លាំង​មួយ​ក្នុង​ការ​ស្នើសុំ ឬ​ការ​ផ្ដល់​មតិយោបល់»

​បញ្ហា​ប្រឈម​ជា​អាទិភាព​របស់​យុវជន​កម្ពុជា ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​អង្គការ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ កាល​ពី​ឆ្នាំ​២០១៥ រួម​មាន​ការ​អប់រំ ការងារ និង​បញ្ហា​សន្តិសុខ។

ឯកសារ​ជំនួយស្មារតី​ទាក់ទង​នឹង​ការបោះឆ្នោត​របស់​អង្គការ​ខុមហ្វ្រែល សរសេរ​ថា នៅ​ពេល​គ្រប់​អាយុ ១៨ យុវជន​ត្រូវ​ព្យាយាម​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​ពលរដ្ឋ ដោយ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន​ទៅ​តាម​ឆន្ទៈ ដោយ​មាន​ការ​ពិចារណា និង​ថ្លែង​ថ្លែង​ឱ្យ​បាន​ហ្មត់ចត់។ ក្រោយ​ពេល​បោះឆ្នោត យុវជន​ត្រូវ​ខិត​ខំ​សង្កេត និង​តាមដាន សកម្មភាព​អនុវត្ត​របស់​មន្ត្រី​ជាប់​ឆ្នោត ឬ​រដ្ឋាភិបាល ដើម្បី​ចូលរួម​វាយតម្លៃ​លទ្ធផល​នៃ​សកម្មភាព​ទាំង​នោះ ហើយ​ផ្ដល់​ព័ត៌មាន​ទាំង​នេះ​ទៅ​ដល់​អ្នក​បោះឆ្នោត​ដទៃ​ទៀត សម្រាប់​ធ្វើ​ជា​ទុន​ពិចារណា​ក្នុង​ការ​សម្រេច​ចិត្ត​បោះឆ្នោត​លើក​ក្រោយៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល