យុវជន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ព័ត៌មាន​ចំពោះ​ការ​ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ

ដោយ យ៉ង ចាន់តារា
2017-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ឆាយ ជីហ៊ាង នៅ​ភូមិ​ដាល ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។
ទីតាំង​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ឆាយ ជីហ៊ាង នៅ​ភូមិ​ដាល ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo provided

និស្សិត​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​ជា​អ្នក​បាន​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម ចង់​ឃើញ​តម្លាភាព​ក្នុង​ការ​ប្រមូល និង​គ្រប់គ្រង​ចំណូល​ពី​វិស័យ​រ៉ែ ក្រោយ​ពេល​ដែល​ពួកគេ​បាន​ស្លាប់​បទ​បង្ហាញ​របស់​តំណាង​ក្រសួង​រ៉ែ និង​ថាមពល ស្ដី​អំពី “គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​គ្រប់គ្រង​វិស័យ​រ៉ែ ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា” កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា កន្លង​ទៅ។ ពួកគេ​ក៏​ចង់​ឱ្យ​រដ្ឋាភិបាល​ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ​នេះ​ឱ្យ​បាន​ច្រើន ឱ្យ​សមស្រប​ទៅ​នឹង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ ដែល​កំពុង​ប្រតិបត្តិការ​ដោយ​បុគ្គល ឬ​ក្រុមហ៊ុន​ឯកជន​ដូច្នោះ​ដែរ។

ការ​អំពាវនាវ​របស់​យុវជន​នេះ គឺ​ដោយសារ​ពួកគេ​យល់​ថា មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ជាច្រើន​កំពុង​ប្រតិបត្តិការ​ការងារ​របស់​ខ្លួន​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​ដែល​អាច​ធ្វើ​ឱ្យ​បាត់បង់​នូវ​ភោគ​ទ្រព្យ​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា។ បញ្ហា​សំខាន់​មួយ​ទៀត គឺ​ដោយសារ​ពួកគេ​ព្រួយ​បារម្ភ​ពី​ការ​បាត់​ថវិកា​ពី​វិស័យ​នេះ​ក្រោយ​ការ​ផ្ទុះ​រឿង​អាស្រូវ​ដ៏​រសើប​ទាក់ទង​នឹង​ការ​បាត់​តួលេខ​ខ្សាច់​ដែល​កម្ពុជា នាំ​ចេញ​ទៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ឥណ្ឌា ដែល​គិត​ជា​ទឹក​ប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក។

ពួកគេ​យល់​ឃើញ​ថា គោលនយោបាយ ឬ​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​គ្រប់គ្រង​អាជីវកម្ម​រ៉ែ មាន​ភាព​ប្រាកដប្រជា តែ​ការ​អនុវត្ត​មិន​ដឹង​ថា អាច​ធ្វើ​បាន​ដល់​កម្រិត​ណា​ឡើយ៖ «ការ​គ្រប់គ្រង​លើ​វិស័យ​រ៉ែ​ហ្នឹង សូម​ឱ្យ​មាន​តម្លាភាព​មួយ​ច្បាស់លាស់ ហើយ​ធ្វើ​ឱ្យ​វា​សុក្រឹត។ មួយ​ទៀត​គឺ​ខ្ញុំ​ចង់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ខាង​រ៉ែ​ហ្នឹង បង្ហាញ​ជា​សាធារណៈ ជា​របាយការណ៍​ចុង​ឆ្នាំ។ ក្នុង​មួយ​ឆ្នាំ​អ៊ីចឹង យើង​ប្រមូល​បាន​ប៉ុន្មាន​ពី​វិស័យ​ហ្នឹង ហើយ​យើង​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ​ក្នុង​វិស័យ​ហ្នឹង ហើយ​យើង​នៅ​សល់​ប្រាក់​ប៉ុន្មាន ដើម្បី​អភិវឌ្ឍ​វិស័យ​អ្វី​ខ្លះ។ តាំង​ពី​ចំណូល​ចំណាយ​ផ្សេងៗ​ហ្នឹង សូម​ឱ្យ​វា​មាន​ភាព​ច្បាស់លាស់ ច្បាស់​ការ មើល​ទៅ​វា​ដូច​ថា មាន​តម្លាភាព​តែម្ដង អ៊ីចឹង​ទើប​បាន​គួរ​ឱ្យ​ជឿ។ ដល់​ពេល​លក្ខណៈ​បិទបាំង លាក់ៗ រញ៉េរញ៉ៃ អ៊ីចឹង​ដូច​អត់​សូវ​ទុក​ចិត្ត​ទេ។ យើង​ដឹង​ស្រាប់​ហើយ អត់​សូវ​មាន​អ្នក​ណា​សូវ​ចាប់​អារម្មណ៍​នឹង​វិស័យ​មួយ​ហ្នឹង​ទេ។ បើ​សិន​អ្នក​ពុក​រលួយ​ក្នុង​វិស័យ​ហ្នឹង គឺ​ងាយ​ស្រួល​មែន​ទែន បើ​យើង​អត់​ចាប់​អារម្មណ៍​លើ​វិស័យ​ហ្នឹង»

​ពួកគេ​ថ្លែង​ថា រ៉ែ​គឺជា​ធនធាន​កម្រ ហើយ​កម្ពុជា គឺ​ជា​ប្រទេស​ដែល​សំបូរ​ភោគ​ទ្រព្យ​រ៉ែ ដូច​នេះ​ប្រជាពលរដ្ឋ និង​យុវជន​ទាំង​អស់ គប្បី​យកចិត្តទុកដាក់​នឹង​វិស័យ​នេះ បើ​មិន​ដូច្នេះ​ទេ​ផល​នៃ​ធនធាន​នេះ​អាច​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​បុគ្គល​តែមួយ​ក្ដាប់​តូច។ ពួកគេ​បន្ត​ថា តម្លាភាព​នៃ​ការ​ប្រមូល និង​គ្រប់គ្រង​ចំណូល​នេះ មាន​សារសំខាន់​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​ខ្មែរ​អាច​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ធនធាន​រ៉ែ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ៖ «ធម្មតា​ប្រទេស​យើង គឺ​ជា​ប្រទេស​សម្បូរ​ដោយ​សម្បត្តិ​ធម្មជាតិ​ច្រើន។ បើសិនជា​យើង​អត់​ខ្វាយខ្វល់​នឹង​ធនធាន​រ៉ែ​ហ្នឹង​ទេ វា​ធ្វើ​ឱ្យ​វិស័យ​ហ្នឹង​ត្រូវ​បាត់បង់។ រាល់​ថ្ងៃ​យើង​បូម​រ៉ែ​ពី​ក្រោម​ដី​រាល់​ថ្ងៃ ប៉ុន្តែ​អត់​មាន​អ្នក​ណា​ខ្វល់​ថា តើ​វា​ត្រូវ​បាន​បូម​អស់​ប៉ុន្មាន ហើយ​មាន​ផល​ប៉ះពាល់​ដូច​ម្ដេច​ទេ។ បើ​សិន​ពួក​យើង​អត់​មាន​ខ្វាយខ្វល់​ទេ គឺ​វា​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ប្រទេស​យើង​ត្រូវ​ប្រឈម​មុខ​ក្នុង​វិបត្តិ។ សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​ដែល​គ្រប់គ្រង​ទៅលើ​វិស័យ​រ៉ែ​ទូទៅ គឺ​សូម​ឱ្យ​គាត់​ត្រួត​ពិនិត្យ​មើល​ឱ្យ​ច្បាស់ ហើយ​និង​ឱ្យ​គាត់​មាន​គណនេយ្យភាព​ដើម្បី​រៀបចំ​ថវិកា​ជាតិ ចំណូល​ជាតិ​ទាំង​ប៉ុន្មាន​ហ្នឹង គឺ​ត្រូវ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ដឹង​ទូទៅ ដើម្បី​ឱ្យ​គាត់​ទទួល​បាន​ព័ត៌មាន​ចំណូល​ចំណាយ​ជាតិ​អស់​ប៉ុន្មាន ដើម្បី​ឱ្យ​គាត់​ជឿ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល»

តួលេខ​របស់​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​ថា ក្រសួង​ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ បាន​ចំនួន ២​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៣ និង ៣​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៤។ ចំណូល​ពី​វិស័យ​នេះ​បាន​កើន​ឡើង​ដល់ ១០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥ និង ១៣​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧ នេះ ក្រសួង​គ្រោង​ប្រមូល​ចំណូល​ឱ្យ​បាន ២០​លាន​ដុល្លារ​អាមេរិក។

ចំណូល​ធនធាន​រ៉ែ​នេះ បាន​មក​ពី​រ៉ែ​ខ្សាច់ ថ្ម​សំណង់ សេវាកម្ម​សាធារណៈ ឧស្សាហកម្ម​អាជីវកម្ម​រ៉ែ ដូចជា​រ៉ែ​លោហៈ និង​រ៉ែ​មាស​ជាដើម និង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ចំពោះ​អាជីវកម្ម​រ៉ែ​តូចៗ។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា បញ្ជាក់​ថា ក្រសួង​នឹង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​ចំណូល​ពី​វិស័យ​រ៉ែ​នេះ ដោយ​មិន​មាន​អ្វី​ត្រូវ​លាក់បាំង​នោះ​ទេ។

លោក​ទទួល​ស្គាល់​ថា ចំណូល​ពី​វិស័យ​រ៉ែ កាល​ពី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ចំនួន​តិច ដោយសារ​មាន​ចន្លោះ​ខ្វះខាត​ច្រើន​ទាក់ទង​នឹង​ការ​ប្រមូល​ចំណូល​នេះ ក៏ប៉ុន្តែ​ក្រោយ​ពេល​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​កំណែទម្រង់​ចំណូល​ពី​វិស័យ​រ៉ែ បាន​កើន​ឡើង​ជា​លំដាប់​ចាប់​ពី​ឆ្នាំ​២០១៥ មក៖ «យើង​ស្វាគមន៍​ចំពោះ​ការ​ចូល​រួម​ទាំង​អស់ មិន​ថា​ប្រជាជន មិន​ថា​អង្គការ​សង្គម​ស៊ីវិល ឬ​ស្ថាប័ន​ផ្សេង​នោះ​ទេ។ បើសិនជា​គាត់​ចង់​ចូលរួម យើង​ស្វាគមន៍ យើង​សប្បាយ​ចិត្ត​ឱ្យ​គាត់​ចូល​រួម។ ចូលរួម​មក​ដើម្បី​យើង​ត្រួត​ពិនិត្យ​ទាំង​អស់​គ្នា ព្រោះ​ធនធាន​រ៉ែ​នេះ​ពុំ​មែន​ជា​ធនធាន​រ៉ែ​របស់​ក្រសួង​រ៉ែ​មួយ​ទេ គឺ​ជា​ធនធាន​ដើម្បី​ទាំង​អស់​គ្នា និង​របស់​ប្រជាជន​ខ្មែរ​យើង​ទាំង​មូល»

ក្រសួង​រ៉ែ និង​ថាមពល គ្រោង​បោះ​ពុម្ព​ផ្សាយ​ព័ត៌មាន​ពី​ចំណូល​រ៉ែ ជា​សាធារណៈ​រៀងរាល់ ៣​ខែ​ម្ដង ចាប់​ពី​ឆ្នាំ​២០១៧ នេះ​ត​ទៅ។

ទាក់ទង​រឿង​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា កម្ពុជា​ជា​ប្រទេស​សម្បូរ​ធនធាន​ធម្មជាតិ ពិសេស​ធនធាន​រ៉ែ ក៏​ប៉ុន្តែ​ឆន្ទៈ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​នេះ នៅ​ខ្វះខាត​នៅ​ឡើយ ដែល​លោក​គិត​ថា វា​ជា​ហានិភ័យ​សម្រាប់​កម្ពុជា។ លោក​រិះគន់​ថា ចំណូល​ពី​វិស័យ​រ៉ែ ដែល​ក្រសួង​ប្រមូល​បាន​ក្នុង​មួយឆ្នាំៗ មាន​ចំនួន​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ​ដែល​កំពុង​កើត​មាន​នៅ​ទូទាំង​ប្រទេស។

ក្រៅ​ពី​អំពើ​ពុករលួយ លោក សន ជ័យ ក៏​សម្ដែង​ក្តី​ព្រួយ​បារម្ភ​មួយ​ទៀត​ទាក់ទង​នឹង​ការ​ប្រមូល​ចំណូល​ពី​ធនធាន​រ៉ែ​នេះ។ នោះ​គឺ​ជា​ការ​គេច​មិន​បង់ពន្ធ ដែល​លោក​ហៅ​ថា ជា​ការ​រំលោភ​អំណាច​ប្រព្រឹត្ត​ដោយ​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ៖ «ខ្ញុំ​គិត​ថា ក្រសួង​គួរតែ​កុំ​ផ្សង​ព្រេង បើសិនជា​សមត្ថភាព​នៃ​ការ​គ្រប់គ្រង​នៅ​ជា​ចំណុច​សង្ស័យ​របស់​ខ្លួន​ថា ដូចជា​ពិបាក​គ្រប់គ្រង មើល​ទៅ​ដូចជា​អត់​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់។ អ៊ីចឹង​រ៉ែ​ណា​ដែល​ខ្វះ​ធនធាន​មនុស្ស​ក្នុង​ការ​គ្រប់គ្រង ឬ​ក៏​ខ្វះ​អំណាច​ក្នុង​ការ​គ្រប់គ្រង។ ខ្ញុំ​គិត​ថា គួរ​តែ​ពិចារណា​កុំ​ឱ្យ​មាន​ការ​ផ្ដល់​អាជ្ញាប័ណ្ណ។ យើង​គ្រាន់​តែ​មើល​រឿង​ខ្សាច់​មួយ​មាន​បញ្ហា​ច្រើន​គួរ​សម។ រឿង​អាស្រូវ​បាត់​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ផង និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បូម​ខ្សាច់​ក្រៅ​តំបន់​អាជ្ញាប័ណ្ណ សុទ្ធសឹងតែ​ជា​មេរៀន​ដែល​ក្រសួង​គួរ​តែ​ពិចារណា មុន​នឹង​ឱ្យ​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​ផ្សេង​ទៀត»

កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ​អណ្ដូង​រ៉ែ និង​ការដ្ឋាន​វាយ​ថ្ម​ចំនួន ៤០១ អាជ្ញាប័ណ្ណ ស្វែង​រុក​រក​ចំនួន ៦១​អាជ្ញាប័ណ្ណ ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ ចំនួន ២៣ និង​អាជ្ញាប័ណ្ណ​សិប្បកម្ម​ចំនួន ៣២៦។ ធនធាន​រ៉ែ ដែល​ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ រួម​មាន​រ៉ែ​ថ្មកំបោរ រ៉ែ​ធ្យូងថ្ម និង​រ៉ែ​លោហៈ ដែល​មាន​នៅ​ខេត្ត​កំពត បាត់ដំបង ព្រះវិហារ មណ្ឌលគិរី និង​រតនគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល