ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ​របស់​យុវជន

ដោយ យ៉ង ចាន់តារា
2015-10-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ថត​រូប​ជុំ​គ្នា​ពេល​មក​កាន់​បិណ្ឌ​នៅ​វត្ត​ជើងឯក កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។
ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ថត​រូប​ជុំ​គ្នា​ពេល​មក​កាន់​បិណ្ឌ​នៅ​វត្ត​ជើងឯក កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Yang Chandara

ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ យុវជន​ជា​ច្រើន​នាំគ្នា​ស្លៀកពាក់​ស្អាត​បាត យក​គ្រឿង​រណ្ដាប់ ចង្ហាន់ និង​ទេយ្យទាន​ផ្សេងៗ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត។ ក្នុង​ទឹក​មុខ​ស្រស់បស់​យុវជន​មួយ​ចំនួន​បញ្ជាក់​ថា ពួកគេ​មក​ធ្វើបុណ្យ​នៅ​វត្ត​ដោយ​ទឹក​ចិត្ត​ជ្រះថ្លា និង​ក្តី​សប្បាយ​រីករាយ។

ការ​ទៅ​វត្ត​នៅ​ក្នុង​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ជា​ទំនៀម​ទម្លាប់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ពុទ្ធសាសនិកជន​ខ្មែរ។ វត្ត​អារាម​នីមួយៗ​មាន​សភាព​អ៊ូអរ​ខុស​ពី​ធម្មតា​សម្រាប់​រយៈពេល ១៥​ថ្ងៃ នៃ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ។

ឧត្តរមានជ័យ​ព្រះបាទ​ជាន់ឯក គឺ​ជា​ឈ្មោះ​វត្ត​មួយ​ដែល​មាន​ទីតាំង​នៅ​ជាយ​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ។ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​និយម​ហៅ​វត្ត​នេះ​ថា វត្ត​ជើងឯក ហើយ​នៅ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ វត្ត​ជើងឯក​ទទួល​បរិស័ទ​មក​ពី​គ្រប់​ទិសទី។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​វេលា​ថ្ងៃត្រង់ វត្ត​ជើងឯក មាន​ពុទ្ធបរិស័ទ​ចេញ​ចូល​ឥត​ឈប់។ អ្នកខ្លះ​យួរ​ចាន​ស្រាក ខ្លះ​កាន់​ផ្កា​ភ្ញី និង​ធូប ទៀន មាន​ស្លាធម៌​ផង យក​មក​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​របស់​ពួកគេ។ ការ​បដិបត្តិ​បែប​នេះ ឃើញ​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ទាំង​ពីរ​ភេទ។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​បែប​ប្រពៃណី គឺ​សំពត់​ហូល និង​អាវ​ប៉ាក់ ដៃ​ម្ខាង​យួរ​ស្រាក់​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ កញ្ញា ឡាយ ណារី ពោល​ដោយ​ទឹក​មុខ​ញញឹមញញែម​ថា នាង​មាន​សេចក្ដី​សោមនស្ស​ក្នុង​ចិត្ត​ជា​ខ្លាំង ដែល​បាន​មក​វត្ត​នា​ឱកាស​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ៖ «រដូវ​ភ្ជុំបិណ្ឌ​នេះ​ពួក​ខ្ញុំ​មក​រាប់បាត្រ ដើម្បី​ឧទ្ទិស​ផល​បុណ្យ​កុសល​ជូន​ជីដូន​ជីតា​ដែល​គាត់​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ។ ពួក​ខ្ញុំ​ទើប​ទំនេរ​ថ្ងៃ​នេះ ក៏​បបួលគ្នា​មក​បាន​មួយ​វត្ត​ដែរ ព្រោះ​អី​គិត​ថា ប្រហែល​ជា​ពីរ​បី​ថ្ងៃ​ទៀត​ទៅ​ផ្ទះ អ៊ីចឹង​យើង​ទៅ​ធ្វើ​បុណ្យ​ជាមួយ​ឪពុក​ម្ដាយ​យើង​នៅ​ផ្ទះ​ទៀត»

ណារី បញ្ជាក់​ថា នាង​និង​មិត្ត​ភក្តិ​មួយ​ចំនួន​ទៀត​ដែល​ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម តែង​ឆ្លៀត​ឱកាស​ពី​ការ​សិក្សា​ដើម្បី​មក​ធ្វើ​បុណ្យ​នៅ​វត្ត៖ «ព្រោះ​យើង​មាន​ឱកាស​ធ្វើ​បុណ្យ​ជុំ​គ្នា ដើម្បី​ភ្ជាប់​និស្ស័យ​ជួប​គ្នា​ជាតិ​មុខ​ទៀត ក្រែង​កើត​មក​យើង​អាច​រៀន​ជាមួយ​គ្នា ធ្វើការ​ជាមួយ​គ្នា ធ្វើ​បុណ្យ​ជាមួយ​គ្នា​ទៀត»

​មិន​មែន​មាន​តែ​កញ្ញា ឡាយ ណារី ទេ ដែល​មាន​ចិត្តបុណ្យ និង​ជ្រះថ្លា​ក្នុង​កិច្ច​បដិបត្តិ​ទំនៀម​ទម្លាប់​ខ្មែរ​នៅ​ក្នុង​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ។ យុវជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ក៏​មាន​ការ​យល់​ឃើញ និង​ទឹក​ចិត្ត​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។

សំឡេង​យុវជន៖ «មក​វត្ត​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ហ្នឹង​ឱ្យ​ជីដូន​ជីតា ឬ​ក៏​ញាតិកា​ទាំង​ប្រាំពីរ​សន្ដាន​ដែល​បាន​ចែក​ឋាន​អស់​កាល​យូរ​អង្វែង។ ទី​មួយ គឺ​ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ហើយ ម្យ៉ាង​ទៀត​ដើម្បី​បញ្ជាក់​ថា ខ្ញុំ​ជា​ខ្មែរ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដែរ។ មាន​អារម្មណ៍​សប្បាយ​រីករាយ រំភើប បាន​ធ្វើ​បុណ្យ​មាន​ចិត្ត​ជ្រះថ្លា។ មក​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ដូន​តា​ទាំង​ប្រាំពីរ​សន្ដាន។ ចង់​ឱ្យ​គាត់​ខំ​មក​ធ្វើ​បុណ្យ​ទាន់​ខ្លួន​នៅ​ក្មេង។ ធ្វើ​បុណ្យ​ទៅ ដល់​ពេល​យើង​ចាស់​ទៅ យើង​អាច​ស្គាល់​បុណ្យ​ស្គាល់​ទាន​ច្រើន»

​លោក គីម វណ្ណា អាចារ្យ​ប្រចាំ​នៅ​វត្ត​ជើងឯក កត់សម្គាល់​ថា ចំនួន​ពុទ្ធបរិស័ទ​ដែល​ជា​យុវជន​មក​ធ្វើ​បុណ្យ​នៅ​វត្ត​របស់​លោក​មាន​ការ​កើន​ឡើង​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។ លោក​អាចារ្យ​អះអាង​ថា យុវជន​ដែល​មក​ធ្វើ​បុណ្យ​នៅ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ មាន​ចិត្ត​ជ្រះថ្លា​ក្នុង​ការ​គោរព​ប្រណិប័តន៍​សាសនា និង​ពុទ្ធោវាទ និង​អាច​ប្រកាន់​ទម្លាប់​ខ្មែរ​បាន​យ៉ាង​ខ្ជាប់ខ្ជួន៖ «ពី​មុន​បើ​យើង​គិត​ទៅ មិន​បាន​ដូច​បច្ចុប្បន្ន​ហ្នឹង​ទេ។ បច្ចុប្បន្ន​ឃើញ​យុវជន កុមារា កុមារី​យើង​ទាំង​អស់ អញ្ជើញ​មក​វត្ត​យ៉ាង​ច្រើន។ ឃើញ​ថា ជំនឿ​ព្រះពុទ្ធ​សាសនា​យើង វា​ប្លែក​ជាង​ឆ្នាំ​មុនៗ»

ចំណែក​ព្រះ​គ្រូ​ធម្មរក្ខិតា យ៉េត ដារ៉ា ចៅ​អធិការ​វត្ត​ជើងឯង មាន​ព្រះ​ថេរដីកា​ថា យុវជន​ភាគ​ច្រើន​មក​វត្ត​ដើម្បី​ធ្វើបុណ្យ​ដោយ​សេចក្ដី​ជ្រះថ្លា ក៏ប៉ុន្តែ​មាន​យុវជន​មួយ​ចំនួន​តូច​នៅ​មិន​ទាន់​អាច​ធ្វើ​បាន​នៅ​ឡើយ។ ពួកគេ​ខ្លះ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទូន្មាន​របស់​ព្រះសង្ឃ​តាម​បែប​ព្រះពុទ្ធ​សាសនា​នោះ​ទេ ឯ​អ្នក​ខ្លះ​ទៀត មិន​បាន​មក​ធ្វើ​បុណ្យ​នៅ​វត្ត​ផង ដោយសារ​តែ​ជាប់​ជំពាក់​នឹង​បញ្ហា​គ្រឿង​ញៀន៖ «មាន​ចំនួន​ភាគ​តិច​មិន​សូវ​គោរព​ប្រណិប័តន៍ ប៉ុន្តែ​ភាគ​ច្រើន​ឥឡូវ​ហ្នឹង​បាន​គោរព​ប្រណិប័តន៍ ដោយ​ស្ដាប់​ព្រះសង្ឃ​សម្ដែង​ធម៌ និង​ពេល​ដែល​សូត្រ​មន្ត និង​បរាភាវសូត្រ គាត់​ចូល​ស្ដាប់​ដល់​ចប់​ដែរ។ ចូល​វត្ត​ដើម្បី​បដិបត្តិ​ធម៌​គួរ​សម​ដែរ មិន​អាក្រក់​ហួសហេតុ​ពេក​ទេ។ វា​មាន​មួយ​ចំនួន​តូច​ទេ ដែល​នៅ​ប្រព្រឹត្ត​គ្រឿងញៀន»

​ព្រះ​គ្រូ​ធម្មរក្ខិតា យ៉េត ដារ៉ា ព្រះចៅ​អធិការ​វត្ត​ជើងឯង មាន​ព្រះ​ថេរដីកា​ទូន្មាន​ដល់​យុវជន​ខ្មែរ​កាន់​ពុទ្ធសាសនា​ដែល​មិន​ទាន់​បាន​គិតគូរ​ដល់​ការ​កសាង​បុណ្យ​កុសល ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​នឹង​ការ​ធ្វើ​បុណ្យ ព្រម​ទាំង​ជួយ​ថែរក្សា​ប្រពៃណី​កាន់​ពុទ្ធសាសនា​របស់​ខ្មែរ​ឱ្យ​បាន​គង់វង្ស៖ «សូម​ផ្តាំ​ផ្ញើ​ដល់​យុវជន យុវនារី ដែល​ដើរ​ទៅ​ផ្លូវ​ខុស ឬ​មួយ​ទៅ​សេព​គ្រឿងញៀន ឬ​លេង​ល្បែង​ស៊ី​សង​ផ្សេងៗ​ទាំង​ឡាយ សូម​ងាក​មក​រក​ផ្លូវ​ធម៌ ផ្លូវ​ល្អ ផ្លូវ​ព្រះពុទ្ធ​សាសនា​ដែល​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​លោក​សម្ដែង​មក​ឱ្យ​យើង​គោរព​ប្រណិប័តន៍ ជា​ធម៌​ដ៏​ល្អ ជា​ធម៌​ដ៏​ប្រពៃ។ គួរ​តែ​យើង​យក​មក​គោរព​យក​មក​បដិបត្តិ​ដើម្បី​រក្សា​នូវ​ប្រពៃណី​ខ្មែរ​យើង​ឱ្យ​បាន​រឹងមាំ រុងរឿង​ល្អ​ត​ទៅ ហើយ​និង​រក្សា​ព្រះពុទ្ធ​សាសនា​របស់​យើង​ឱ្យ​បាន​គង់វង្ស​គ្រប់ ៥​ពាន់​ព្រះវស្សា»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល