ក្រុម​យុវជន​បន្ត​អំពាវនាវ​រក​ថវិកា​បោះ​ពុម្ព​សៀវភៅ​កម្រង​ទស្សនទាន​បណ្ឌិត កែម ឡី

ដោយ យ៉ង ចាន់តារា
2016-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
RFA

ក្រុម​យុវជន​ដែល​ចងក្រង​ទស្សនៈ​បណ្ឌិត កែម ឡី នឹង​បង្កើត​គណៈកម្មការ​មួយ​ឈ្មោះ​មូលនិធិ​សៀវភៅ​បណ្ឌិត កែម ឡី (Kem Ley Book Foundation) ដើម្បី​ប្រមូល និង​ចាត់ចែង​ថវិកា​ដែល​បាន​មក​ពី​ការ​បរិច្ចាគ​របស់​សប្បុរសជន​យក​ទៅ​បោះពុម្ព​សៀវភៅ​កម្រង​ទស្សនៈ និង​បទ​វិភាគ​របស់​បណ្ឌិត កែម ឡី។ ពួកគេ​បញ្ជាក់​ថា គណៈកម្មការ​នេះ​នឹង​អាច​ជួយ​ឱ្យ​ដំណើរការ​បោះពុម្ព​សៀវភៅ​ដែល​ទើប​នឹង​ចងក្រង​រួចរាល់​អាច​ចេញ​ផ្សាយ​បាន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

​សៀវភៅ​កម្រង​ទស្សនៈ និង​បទ​វិភាគ​បណ្ឌិត កែម ឡី ចំនួន ៤​ក្បាល ត្រូវ​បាន​ក្រុម​យុវជន​ដែល​បណ្ដុះបណ្ដាល​ដោយ​បណ្ឌិត កែម ឡី ចងក្រង​រួចរាល់​ហើយ និង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ និង​ឃ្លាឃ្លោង​មួយ​ចំនួន។ ពួកគេ​បញ្ជាក់​ថា សៀវភៅ​ទាំង ៤​ក្បាល​នេះ នឹង​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ជា​សៀវភៅ​តែមួយ​ដើម្បី​កុំ​ឱ្យ​ខ្ជះខ្ជាយ​ថវិកា និង​ពេល​វេលា​សម្រាប់​ចងក្រង​ស្នាដៃ​ផ្សេង​ទៀត​របស់​បណ្ឌិត កែម ឡី។

​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង និង​ជា​សមាជិក​ក្រុម​ចង​សៀវភៅ លោក ហង្ស វិទូ ថ្លែង​ថា  សៀវភៅ​ដែល​មាន​កម្រាស់​ជាង ១០០​ទំព័រ​នេះ កត់ត្រា​ទុក​នូវ​រាល់​ទស្សនទាន​របស់​បណ្ឌិត កែម ឡី ពេល​ដែល​លោក​បញ្ចេញ​បរិវារស័ព្ទ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ពេល​ដែល​លោក​បង្រៀន​យុវជន ពេល​ដែល​លោក​ចុះ​អប់រំ​ពលរដ្ឋ​តាម​មូលដ្ឋាន និង​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​សម្រាប់​អង្គការ​ជាតិ និង​អន្តរជាតិ៖ «ការ​បោះពុម្ព​សៀវភៅ​នេះ គឺ​យើង​បាន​សម្រិតសម្រាំង ហើយ​យើង​ចង់​ឱ្យ​យើង​ទាំង​អស់​គ្នា ជា​ពិសេស​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​មើល បាន​អាន បាន​ស្គាល់ អំពី​អ្វី​ដែល​ជា​ស្នាដៃ​របស់​លោក​បណ្ឌិត កែម ឡី។ ទោះបីជា​បងប្អូន​ជំនាន់​ក្រោយ​កូន​ចៅ​ជំនាន់​ក្រោយ គាត់​មិន​បាន​ស្គាល់​លោក​បណ្ឌិត កែម ឡី គាត់​អាច​អាន​សៀវភៅ​ហ្នឹង​ទៅ គាត់​នឹង​យល់​ថា លោក​បណ្ឌិត កែម ឡី ហ្នឹង​ជា​នរណា​ហើយ។ ទី​ពីរ ខ្ញុំ​ចង់​ឱ្យ​បងប្អូន​ទាំង​អស់​ដែល​និយម​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី មេត្តា​អាន​ស្នាដៃ​របស់​គាត់​ហើយ​យក​ទៅ​អនុវត្ត»

​ក្រុម​យុវជន​បញ្ជាក់​ថា ជំហាន​ដំបូង​ពួកគេ​មាន​គម្រោង​បោះ​ពុម្ព​សៀវភៅ​នេះ​ចំនួន ៥​ពាន់​ក្បាល​ដែល​ចំណាយ​អស់​ថវិកា​ប្រមាណ ១,២​ម៉ឺន​ដុល្លារ​អាមេរិក។ សៀវភៅ​ដែល​បោះពុម្ព​រួច​នឹង​ត្រូវ​ចែក​ជូន​គ្រឹះស្ថានសិក្សា​បណ្ណាល័យ និង​មណ្ឌល​សិក្សា​ស្រាវជ្រាវ​ដោយ​ឥត​គិត​ថ្លៃ ហើយ​នឹង​លក់​ជូន​សាធារណជន​ក្នុង​តម្លៃ​សមរម្យ។

​ក្រុម​អ្នក​ចងក្រង​អះអាង​ថា ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សៀវភៅ​នឹង​ត្រូវ​បែងចែក​មួយ​ភាគ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​មួយ​ភាគ​សម្រាប់​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី មួយ​ភាគ​សម្រាប់​កិច្ច​ការងារ​ចងក្រង​ស្នាដៃ​របស់​បណ្ឌិត កែម ឡី ជា​បន្ត​ទៀត ហើយ​នៅ​សល់​ពី​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​សង្គម​របស់​យុវជន។

​អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម និង​នយោបាយ លោក ហេង ស្រ៊ាង ដែល​ជា​គណៈកម្មការ​ត្រួត​ពិនិត្យ​ខ្លឹមសារ​សៀវភៅ​បញ្ជាក់​ថា សៀវភៅ​នេះ​មាន​ការ​បែង​ចែកចេញជា​ផ្នែកៗ ស្រប​ទៅ​តាម​កិច្ចការ និង​សកម្មភាព​របស់​បណ្ឌិត កែម ឡី។ លោក​ថា សៀវភៅ​កម្រង​ទស្សទាន​បណ្ឌិត កែម ឡី នេះ នឹង​អាច​ចេញ​ផ្សាយ​មុន​ពេល​ពិធី​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​របស់​បណ្ឌិត កែម ឡី៖ «ឥឡូវ​នេះ​កំពុង​តែ​នៅ​ក្នុង​ដំណើរការ​ជ្រើសរើស​អត្ថបទ ជំពូក​នានា ដែល​ត្រូវ​ដាក់​ចូល រួច​យើង​នឹង​អាន​រួម ហើយ​សៀវភៅ​ហ្នឹង យើង​បែង​ចែក​ជា ៣​ផ្នែក។ ទី​១ ផ្នែក​ការវិភាគ​សំណេរ​របស់​គាត់​ជា​អត្ថបទ​ស្រាវជ្រាវ​វិភាគ។ ទី​២ ជា​កម្រង​រឿង​កំប្លែង​របស់​គាត់ ហើយ​ទី​៣ គឺ​ជា​អត្ថបទ​ដែល​គាត់​ឆ្លងឆ្លើយ គាត់​សរសេរ​ឆ្លុះ​បញ្ចាំង​ខ្លីៗ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​គាត់ ដែល​គាត់​ឃើញ​អ្វី​មួយ​ហើយ គាត់​ចែក​រំលែក និង​បញ្ចេញ​យោបល់​បន្ថែម»

​លោក​ថា សៀវភៅ​នេះ​នឹង​មាន​ការ​កែសម្រួល​ជា​បន្តបន្ទាប់ ហើយ​នឹង​ត្រូវ​បន្ថែមបន្ថយ​ខ្លឹមសារ​មួយ​ចំនួន​ទៀត​នៅ​ពេល​ខាង​មុខ ដើម្បី​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ និង​អាច​ទទួល​យក​បាន​ពី​អ្នកអាន។ លោក​ថា សៀវភៅ​នេះ​នឹង​ផ្ដល់​គុណប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ សិស្ស និស្សិត​អ្នក​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល៖ «អត្ថបទ​ហ្នឹង ជា​របកគំហើញ ជា​ការ​ស្រាវជ្រាវ​នៅ​លើ​ទីលាន​ជាក់ស្ដែង ដូច្នេះ​វា​ជា​មេរៀន ជា​អត្ថបទ​សិក្សា​សម្រាប់​អ្នក​សិក្សា ហើយ​និង​ប្រជាពលរដ្ឋ​ដែល​គាត់​ចង់​ដឹង​អំពី ថា​តើ​សង្គម​យើង​វា​កើត​អ្វី​ខ្លះ វា​មាន​បញ្ហា​អ្វី​ខ្លះ ហើយ​ទន្ទឹម​នឹង​នោះ វា​អាច​បច្ច័យ​ផ្ដល់​ចំណេះដឹង​ដល់​មន្ត្រី​អ្នក​ដឹក​នាំ​ពាក់ព័ន្ធ ថា​បណ្ឌិត កែម ឡី មើល​ឃើញ​អ្វី​ខ្លះ ហើយ​គាត់​ផ្ដល់​យោបល់​អ្វី​ខ្លះ​ដែល​ជា​បញ្ហា​កើត​ឡើង​ក្នុង​សង្គម ហើយ​ដែល​យើង​អាច​យក​ធ្វើ​ជា​គោលនយោបាយ​ដើម្បី​ដោះស្រាយ​វា​នៅ​ពេល​ខាង​មុខ»

​ទោះជាយ៉ាងណាក៏ដោយ ក្រុម​អ្នក​ចងក្រង​ថ្លែង​ថា បញ្ហា​ប្រឈម​ចំពោះ​កិច្ច​ការងារ​នេះ គឺ​កង្វះ​ថវិកា​បោះពុម្ពផ្សាយ​សៀវភៅ។ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ ក្រុម​របស់​លោក​ទើប​ទទួល​បាន​ថវិកា​សប្បុរសធម៌​ប្រមាណ ៣០០​ដុល្លារ​ប៉ុណ្ណោះ។

លោក​ថា ក្រុម​របស់​លោក​កំពុង​រៀបចំ​គណនេយ្យ​ធនាគារ​មួយ​សម្រាប់​សប្បុរសជន​ដែល​មាន​បំណង​បរិច្ចាគ​ថវិកា​សម្រាប់​ការ​បោះ​ពុម្ព​ផ្សាយ​សៀវភៅ និង​ដើម្បី​ធានា​នូវ​ភាព​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​ថវិកា​ដែល​ទទួល​បាន៖ «សម្រាប់​ក្រុម​យើង​ដែល​យើង​ជា​កូនសិស្ស​របស់​លោក​បណ្ឌិត កែម ឡី ផ្ទាល់ យើង​យល់​ថា គាត់​ជា​វីរបុរស​មួយ​សម្រាប់​យើង ដែល​លោក​ហ៊ាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ទាំង​កម្លាំង​កាយ​ចិត្ត​រហូត​ដល់​ចុងក្រោយ។ លោក​លះបង់​ជីវិត​ដើម្បី​ធ្វើ​កិច្ចការ​សង្គម។ យើង​មិន​ចង់​ឱ្យ​ស្នាដៃ​របស់​លោក​ត្រូវ​បាន​បាត់បង់​ទេ ហើយ​យើង​ចង់​ឱ្យ​បងប្អូន​ខ្មែរ​ទាំង​អស់​គាំទ្រ​អំពើ​ល្អ និង​ស្នាដៃ​ដែល​យើង​ខំ​ធ្វើ​ដើម្បី​ប្រទេស​ជាតិ»

​ការ​ចងក្រង និង​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​កម្រង​ទស្សនទាន​បណ្ឌិត កែម ឡី គឺ​ជា​ជំហាន​ដំបូង​នៃ​ការ​ប្រមូលផ្ដុំ​ស្នាដៃ​របស់​បណ្ឌិត កែម ឡី កាល​លោក​នៅ​មាន​ជីវិត។ ក្រុម​យុវជន​បញ្ជាក់​ថា ជំហាន​បន្ទាប់​របស់​ពួកគេ​គឺ​ចងក្រង​ទស្សនទាន​បណ្ឌិត កែម ឡី ជា​ខ្សែអាត់​សំឡេង និង​ជា​វីដេអូ។ ក្រៅ​ពី​នេះ ពួកគេ​នឹង​ចងក្រង​រឿង​កំប្លែង​ទាំង​ឡាយ​ដែល​បណ្ឌិត កែម ឡី បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក ព្រម​ទាំង​ចងក្រង​នូវ​ពាក្យស្លោក​ខ្លីៗ​របស់​លោក​ដើម្បី​ទុកជា​មរតក​ដល់​អ្នក​ជំនាន់​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល