ទស្សនៈ​យុវជន​ជុំវិញ​ការ​ទទួល​យក​ជនភៀសខ្លួន​ថ្មី​ពី​កោះ​ណាវរូ

ដោយ យ៉ង ចាន់តារា
2015-10-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​លើក​បដា​តវ៉ា​ប្រឆាំង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៤។
ពលរដ្ឋ​លើក​បដា​តវ៉ា​ប្រឆាំង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៤។
RFA/Khe Sonorng

យុវជន​មាន​ការ​យល់​ឃើញ​ប្លែកៗ​ពី​គ្នា​ចំពោះ​ការ​ទទួល​យក​ជនភៀសខ្លួន​បន្ថែម​ទៀត​ពី​កោះ​ណាវរូ (Nauru)។ អ្នក​ខ្លះ​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​ជនភៀសខ្លួន ខ្លះ​ទៀត​គិត​ថា វា​ជា​សកម្មភាព​មនុស្សធម៌​ដែល​រដ្ឋាភិបាល​គួរតែ​ធ្វើ ប៉ុន្តែ​ត្រូវ​ធ្វើ​ដោយ​មាន​តម្លាភាព រី​ឯ​ខ្លះ​ទៀត​បាន​បន្ទោស​រដ្ឋាភិបាល​អូស្ត្រាលី ថា​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ជា​ថ្មី​ម្ដង​ទៀត ចំពោះ​ការ​បញ្ជូន​ជនភៀសខ្លួន​ពី​កោះ​ណាវរូ មក​កម្ពុជា។

ការ​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​របស់​យុវជន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា (Rohingya) ២​រូប​ទៀត នឹង​មក​ដល់​កម្ពុជា ក្នុង​ពេល​ដី​ខ្លី​ខាង​មុខ​ក្រោយ​ពី​បាន​ព្រមព្រៀង​តាម​គោលការណ៍​ស្ម័គ្រចិត្ត។

យុវជន ម៉ៅ ច័ន្ទសុវណ្ណី និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​សិក្សា​អន្តរជាតិ យល់​ឃើញ​ថា ការ​ទទួល​យក​ជនភៀសខ្លួន​ថ្មី​ពី​កោះ​ណាវរូ មិន​មាន​ជា​បញ្ហា​អ្វី​ឡើយ​សម្រាប់​កម្ពុជា។ យុវជន​រូប​នេះ​អះអាង​ថា ខ្លួន​មិន​សូវ​គាំទ្រ​ឡើយ​ចំពោះ​ការ​ទទួល​យក​ជនភៀសខ្លួន ប៉ុន្តែ​ក៏​មិន​មាន​ទស្សនៈ​ប្រឆាំង​ណា​មួយ​ដែរ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី បាន​ព្រមព្រៀងគ្នា​រួច​រាល់​ហើយ​ក្នុង​ការ​បញ្ជូន​ជនភៀសខ្លួន​ពី​កោះ​ណាវរូ មក​កម្ពុជា តាម​គោលការណ៍​ស្ម័គ្រចិត្ត។ អ្វី​ដែល​ជា​ក្តី​ព្រួយ​បារម្ភ​របស់​យុវជន​រូប​នេះ គឺ​ការ​ចាត់ចែង​ថវិកា​ជំនួយ​រាប់​លាន​ដុល្លារ ដែល​ភាគី​អូស្ត្រាលី ផ្ដល់​ឱ្យ​កម្ពុជា។

យុវជន ម៉ៅ ច័ន្ទសុវណ្ណី៖ «ចំពោះ​ខ្ញុំ​ផ្ទាល់​ជា​យុវជន ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី បើក​ចំហ​ព័ត៌មាន​ជា​ទូទៅ​អំពី​កិច្ចព្រមព្រៀង​នៃ​ការ​ទទួល​យក​ជនភៀសខ្លួន​ពី​អូស្ត្រាលី មក​កម្ពុជា។ ទី​ពីរ គឺ​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា យក​ប្រាក់​ជំនួយ​ដែល​រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្ដល់​មក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់ចែង​ឱ្យ​ជនភៀសខ្លួន គឺ​ចំណាយ​ឱ្យ​ចំ​គោលដៅ មាន​តម្លាភាព និង​គណនេយ្យភាព»

ចំណែក​កញ្ញា ទឹម ច័ន្ទតារា ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​វិញ បញ្ចេញ​យោបល់​ថា វា​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ​ក្នុង​ការ​ទទួល​យក​ជាតិ​សាសន៍​ដទៃ​ឱ្យ​ចូល​មក​រស់​នៅ និង​ធ្វើ​សមាហរណកម្ម​ជាមួយ​ប្រជាជន​ខ្មែរ។ កញ្ញា ច័ន្ទតារា យល់​ឃើញ​បែប​នេះ ដោយ​ឈរ​លើ​ចរន្ត​សកលភាវូបនីយកម្ម ដែល​គ្រប់​ជនជាតិ​អាច​ផ្លាស់ប្ដូរ​ទីកន្លែង​រស់​នៅ​បាន​ដោយ​ស្រប​ច្បាប់។

យ៉ាងណា​ក៏ដោយ​ចុះ​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​រូប​នេះ ចង់​ឃើញ​រដ្ឋាភិបាល​បង្កើត​យន្តការ​ឱ្យ​បាន​ច្បាស់លាស់ ទាក់ទង​នឹង​ការ​ទទួល​យក​ជនភៀសខ្លួន​ដើម្បី​ធានា​ថា ពួកគេ​នឹង​មក​រស់​នៅ​កម្ពុជា ដោយ​ទទួល​បាន​ការ​ការពារ និង​ជំនួយ​ផ្នែក​ផ្សេងៗ មិន​ខុស​ពី​ពលរដ្ឋ​ខ្មែរ​ទូទៅ៖ «ស្ថានភាព​ពេល​នេះ គឺ​ជា​ការ​ប្រឈម​មុខ​មួយ​របស់​រដ្ឋាភិបាល ពីព្រោះ​សូម្បីតែ​ប្រជាជន​ក្នុង​ស្រុក​យើង យើង​ជួប​ការ​លំបាក​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​តែ​យើង​ទទួល​ពួកគាត់​មកពី​ក្រៅ​បន្ថែម​ទៀត។ នេះ​មាន​ន័យ​ថា គាត់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​រ៉ាប់រង​ថា ពួកគាត់​មក​នេះ​រស់​នៅ​បាន​ស្រួល ហើយ​បើ​តាម​ខ្ញុំ​គិត ខ្មែរ​យើង​ដូចជា​អត់​ទាន់​ដល់​ចំណុច​មួយ​ដែល​ធានា​បាន​ថា ពួកគាត់​មក​នេះ​អាច​រស់​នៅ​បាន​ដោយ​ការ​ពេញ​ចិត្ត ដោយ​មាន​សុខដុមរមនា​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ យើង​មើល​សូម្បីតែ​ប្រជាជន​ខ្មែរ​យើង​នៅ​មិន​ទាន់​ទទួល​បាន​អ្វី​ទាំង​អស់​នេះ​ផង»

​ចំណែក​ឯ​យុវជន​ម្នាក់​ទៀត​ឈ្មោះ ហេង សុជា បង្ហាញ​ជំហរ​មិន​គាំទ្រ​ឡើយ​ចំពោះ​ការ​ទទួល​យក​ជនភៀសខ្លួន​បន្ថែម។ យុវជន​រូប​នេះ​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​គួរ​ដៅ​អាទិភាព​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ស្រុក ជាជាង​ការ​គិតគូរ​ទទួល​យក​ជនភៀសខ្លួន។

លោក ហេង សុជា ហៅ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ ថា​ជា​ល្បែង​ឆ្ពិន​ភ្នែក​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​គោលបំណង​បង្ហាញ​ថា ខ្លួន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ដែល​ជា​បញ្ហា​សាកល៖ «គួរ​តែ​មិន​ទទួល​ទេ ព្រោះ​បើ​យើង​ទទួល​ក្នុង​ន័យ​មួយ​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ឱ្យ​បាន​ច្បាស់លាស់។ យើង​មាន​កាតព្វកិច្ច​ច្រើន​ដែល​យើង​ត្រូវ​ទទួល​ខុស​ត្រូវ។ កាតព្វកិច្ច​ដែល​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​យើង​គួរតែ​ផ្ដោត​ជា​សំខាន់​ដែល​យើង​កំពុងតែ​ប្រឈម គឺ​ទៅ​លើ​រឿង​អាស៊ាន ជា​សំខាន់»

​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ការ​ទទួល​យក​ជនភៀសខ្លួន​ដែល​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អូស្ត្រាលី ឱ្យ​មក​រស់​នៅ​កម្ពុជា ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ជំនួយ​ប្រមាណ ៤០​លាន​ដុល្លារ​អូស្ត្រាលី។ បន្ទាប់​មក​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៥ ជនភៀសខ្លួន ៤​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា ដែល​ក្នុង​នោះ ៣​នាក់ ជា​ជនជាតិ​អ៊ីរ៉ង់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា។

ទាក់ទង​នឹង​គម្រោង​បញ្ជូន​ជនភៀសខ្លួន​បន្ថែម​ទៀត​នេះ លោក អ៊ូ រិទ្ធី ស្ថាបនិក​ក្រុម​យុវជន​កាហ្វេ​នយោបាយ ដែល​តែង​តាមដាន​រឿង​នេះ​ជា​ប្រចាំ រិះគន់​រដ្ឋាភិបាល​អូស្ត្រាលី​ថា បាន​ប្រព្រឹត្ត​កំហុស​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​ការ​បញ្ជូន​ជនភៀសខ្លួន​ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​របស់​ខ្លួន​មក​កាន់​កម្ពុជា ទី​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក អ៊ូ រិទ្ធី យល់​ឃើញ​ថា ដរាប​ណា​រដ្ឋាភិបាល​អូស្ត្រាលី នៅ​តែ​ប្រើ​លុយ​ជា​ថ្នូរ​នឹង​ការ​បញ្ជូន​ជនភៀសខ្លួន ដរាប​នោះ​កម្ពុជា នៅ​តែ​ទទួល​យក​ពួកគេ៖ «ចំពោះ​រដ្ឋាភិបាល​កម្ពុជា ខ្ញុំ​មើល​ឃើញ​ថា គាត់​មិន​មាន​ជំហរ​ច្បាស់លាស់​ទៅ​លើ​គោលនយោបាយ​ទទួល​យក​ជនភៀសខ្លួន​ទេ។ ខ្ញុំ​ឃើញ​ធំ​ហ្នឹង គឺ​កំហុស​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​ដឹង​ថា ប្រទេស​ខ្មែរ​ជា​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង សូម្បីតែ​ប្រជាជន​ខ្លួន​ឯង​នៅ​ក្នុង​ស្រុក​ក៏​ទទួល​រង​ការ​រំលោភ​សិទ្ធិមនុស្ស ក៏ប៉ុន្តែ​គាត់​នៅ​តែ​បញ្ជូន​ជនភៀសខ្លួន​មក​ប្រទេស​កម្ពុជា។ បើ​យើង​ប្រៀបធៀប​រដ្ឋាភិបាល​អូស្ត្រាលី ជាមួយ​នឹង​រដ្ឋាភិបាល​អាល្លឺម៉ង់​ថ្មីៗ​នេះ យើង​ឃើញ​ថា ខុស​គ្នា​ឆ្ងាយ​មែនទែន​ចំពោះ​គោលនយោបាយ​ជនអន្តោប្រវេសន៍។ រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ទទួល​ការ​គាំទ្រ​ទូទាំង​ពិភពលោក​ទៅ​លើ​សន្តាន​ចិត្ត​សប្បុរសធម៌​របស់​រដ្ឋាភិបាល​ខ្លួន និង​ប្រជាជន​ខ្លួន ចំពោះ​ការ​ទទួល​យក​ជនភៀសខ្លួន​ស៊ីរី។ ដោយ​ឡែក​រដ្ឋាភិបាល​អូស្ត្រាលី ប្រព្រឹត្ត​រឿង​ដែល​រំលោភ​សិទ្ធិមនុស្ស ប្រើ​លុយ​ដើម្បី​រំលោភ​សិទ្ធិ​មនុស្ស»

​កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ថា ជនភៀសខ្លួន​ស្ម័គ្រចិត្ត ២​នាក់​ទៀត នៅ​កោះ​ណាវរូ នឹង​មក​ដល់​កម្ពុជា នៅ​ពេល​ពេល​ឆាប់ៗ​ខាង​មុខ។ ប៉ុន្តែ​លោក ខៀវ សុភ័គ មិន​ទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ពិត​ប្រាកដ​នៃ​ការ​មក​ដល់​របស់​ជន​ភៀសខ្លួន​ទាំង​ពីរ​នាក់​នោះ​នៅ​ឡើយ។ ជនភៀសខ្លួន​ទាំង​ពីរ​នាក់ គឺជា​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​ភៀសខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី។ ជនជាតិ​រ៉ូហ៊ីងយ៉ា ទាំង​ពីរ​នឹង​មក​ដល់​កម្ពុជា គឺ​នៅ​ក្រោយ​ពេល​ដែល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ម្នាក់​ទើប​តែ​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត នៅ​ឯ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល