ទស្សនៈ​យុវជន​ចំពោះ​សារ​សង្គ្រាម​របស់​លោក ហ៊ុន សែន

ដោយ យ៉ង ចាន់តារា
2015-10-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​សាធារណៈ​កម្ពុជា ជួប​ជុំ​គ្នា​រំលឹក​ខួប​ទី​២៤ នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ នៅ​ក្បែរ​វត្តភ្នំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​សាធារណៈ​កម្ពុជា ជួប​ជុំ​គ្នា​រំលឹក​ខួប​ទី​២៤ នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ នៅ​ក្បែរ​វត្តភ្នំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Yang Chandara

យុវជន​មាន​ការ​យល់​ឃើញ​ប្លែកៗ​ពី​គ្នា​ចំពោះ​សារ​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​សង្គ្រាម បើសិនជា​គណបក្ស​ដទៃ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨។ អ្នក​ខ្លះ​យល់​ឃើញ​ថា ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គ្រាន់តែ​ជា​សារ​គំរាម​ដល់​អ្នក​នយោបាយ​ដទៃ ព្រមទាំង​ម្ចាស់​ឆ្នោត​ដែល​អស់​ជំនឿ​លើ​រូបលោក។ ខ្លះ​ទៀត​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា ជា​អំពើ​ខុសឆ្គង​របស់​លោក​នាយករដ្ឋមន្ត្រី និង​មិន​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ចំណែក​ឯ​មួយ​ចំនួន​ទៀត​ចាត់​ទុក​សារ​នេះ ថា​ជា​ចេតនា​ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន។

ការ​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​របស់​យុវជន ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ពាក្យ​ថា "សង្គ្រាម” បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ។

យុវជន ហេង គីមហុង និស្សិត​ឆ្នាំ​ទី​២ ផ្នែក​នីតិសាស្ត្រ​យល់​ឃើញ​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន អំពី​សង្គ្រាម​នេះ គ្រាន់តែ​ជា​សារ​នយោបាយ​មួយ​ដែល​មាន​ចេតនា​ដាក់​គំនាប​ប្រជាពលរដ្ឋ​ឱ្យ​នៅ​បន្ត​បោះឆ្នោត​គាំទ្រ​រូប​លោក​តែប៉ុណ្ណោះ។ យុវជន ហេង គីមហុង ហៅ​សារ​ព្រមាន​នេះ ថា​ជា​កំហុស​ឆ្គង​ដ៏​ធំ​របស់​មេដឹកនាំ​កម្ពុជា ដែល​ដឹកនាំ​ប្រទេស​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ។

យុវជន​រូប​នេះ​អះអាង​ថា រូបគេ​មិន​មាន​ការ​ព្រួយ​បារម្ភ​ឡើយ​ចំពោះ​សារ​សង្គ្រាម​របស់​លោក ហ៊ុន សែន ដោយសារ​រូបគេ​ជឿ​ជាក់​ថា ពិភពលោក​នឹង​មិន​បណ្ដោយ​ឱ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ជា​ថ្មី​ទៀត​នោះ​ទេ ហើយ​ក្រុម​ណា​ដែល​ហ៊ាន​បង្ក​សង្គ្រាម ក្រុម​នោះ​នឹង​ខាតបង់​ប្រយោជន៍​ច្រើន​ជាក់​ជា​មិន​ខាន៖ «បើសិនជា​គាត់​កាន់​អំណាច​បាន​ល្អ រៀបចំ​ការ​អភិវឌ្ឍ​ប្រទេស​បាន​រីក​ចម្រើន គាត់​នឹង​មិន​ខ្លាច​ប្រឈមមុខ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នោះ​ទេ។ អ៊ីចឹង​មាន​ន័យ​ថា គាត់​មាន​ការ​បារម្ភ​ចំពោះ​ការ​កាន់​អំណាច​របស់​គាត់។ ការ​គ្រប់គ្រង​អំណាច​របស់​គាត់ ដោយ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ថា ប្រជាពលរដ្ឋ​លោក​នឹង​មាន​ការ​មិន​ពេញចិត្ត ដោយ​ធ្វើ​ឱ្យ​គាត់​ចាប់​ផ្ដើម​យក​ការ​គំរាម​ជា​សារ​នយោបាយ​មក​គំរាមកំហែង​ផ្លូវ​ចិត្ត​របស់​ប្រជាពលរដ្ឋ និង​យុវជន​ដើម្បី​ឱ្យ​ពួកគេ​មាន​ភាព​ខ្លាចរអា​ក្នុង​ការ​រើស​អ្នក​ដឹក​នាំ​ថ្មី»

ចំណែក កញ្ញា យីន គឹមឈាង ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​វិញ បញ្ចេញ​យោបល់​ថា សារ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី​បង្ហាញ​ពី​ការ​មិន​ឱ្យ​តម្លៃ​ដល់​សមត្ថភាព​អ្នក​ដទៃ​ក្នុង​ការ​ដឹកនាំ​ប្រទេស ជាពិសេស​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា មេដឹកនាំ​កម្ពុជា ក្រាញ​អំណាច និង​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន។ បើ​ទុក​ជា​មាន​ក្ដី​បារម្ភ​ក៏​ដោយ​ចុះ ក៏​កញ្ញា យីន គីមឈាង យល់​ថា សង្គ្រាម​នឹង​មិន​អាច​កើត​មាន​ទៀត​ទេ​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ នាង​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​ជាតិ ជា​ជាង​ប្រកាន់ខ្ជាប់​ជំងឺ​តួ​ឯក​និយម។

​កញ្ញា យីន គឹមឈាង៖ «បក្ស​សង្គ្រោះ​ជាតិ​ក៏​អត់​មាន​អី​ដែរ ព្រោះ​អី​បើ​គាត់​សន្យា​មែន គាត់​ធ្វើ​តាម​ហ្នឹង​ទៅ។ អ៊ីចឹង​ប្រជាពលរដ្ឋ​ក៏​គាត់​បាន​ល្អ​តាម​ហ្នឹង​ដែរ ហើយ​បើ​គាត់​ក្នុង​នាម​ជា​ដឹកនាំ​ទាំង​មូល គាត់​គួរតែ​គិតគូរ​ពី​ប្រយោជន៍​ទាំង​អស់​ហ្នឹង​ជាមួយ​គ្នា។ រិះរក​វិធីសាស្ត្រ​ដើម្បី​ប្រទេស​ជាតិ​យើង​ដើរ​ទៅ​ជាមួយ​គ្នា។ កុំ​ឱ្យ​ថា​អ្នក​ផ្សេង​កាន់​មិន​បាន កាន់តែ​ខ្លួន​ឯង»

ចំណែក​ឯ​យុវជន​ម្នាក់​ទៀត ឈ្មោះ ពុធ កុលកា ជា​ស្ថាបនិក​ក្រុម​យុវជន​កម្ពុជា គិត​ថា សារ​ព្រមាន​អំពី​សង្គ្រាម​ហាក់​ដើរ​បញ្ច្រាស​បរិបទ​សង្គម​នៅ​ពេល​បច្ចុប្បន្ន។ ដោយ​ភ្ជាប់​ជាមួយ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ យុវជន ពុធ កុលកា យល់​ឃើញ​ថា អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវការ​គឺ​សន្តិភាព មិន​មែន​ជា​សង្គ្រាម​នោះ​ទេ ហើយ​សន្តិភាព​នេះ​ហើយ​ដែល​អ្នក​នយោបាយ​គ្រប់​និន្នាការ​ត្រូវ​ធានា​ជូន​ពលរដ្ឋ។

យុវជន ពុធ កុលកា៖ «អ្វី​ដែល​គាត់​ថា​មាន​សង្គ្រាម ខ្ញុំ​គិត​ថា ប្រហែលជា​មិន​អាច​ទៅ​រួច ដោយសារ​តែ​នៅ​ក្នុង​សម័យ​នេះ មិន​ថា​តែ​នៅ​ប្រទេស​កម្ពុជា យើង​ទេ គឺ​គេ​ធានា​មែន​ទែន​ទៅ​លើ​សន្តិសុខ ឬ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ហើយ​ប្រសិនជា​គាត់​ប្រកាស​សង្គ្រាម​មែន មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា គឺ​ប៉ះពាល់​ទៅ​ដល់​អនុសញ្ញា និង​ច្បាប់​អន្តរជាតិ​មួយ​ចំនួន ដែល​ធានា​រក្សា​ជីវិត​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស»

ក្នុង​ឱកាស​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេស្ទឺន (Western) កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរំលឹក​ជា​ថ្មី​អំពី​អសន្តិសុខ​សង្គម បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត។ ដោយ​ចង់​ឃើញ​ពី​យុទ្ធសាស្ត្រ​ទុក​ចាស់​បញ្ចូល​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​មន្ត្រី​រាជការ​សាធារណៈ លោក ហ៊ុន សែន ប្រកាស​ជា​ចំហ​ថា ក្រុម​មេដឹកនាំ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា ដែល​ស្និទ្ធ​នឹង​រូបលោក នឹង​ធ្វើ​ការ​បះបោរ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត រួច​ដក​ដំណែង​ពួកគេ។

លោក ហ៊ុន សែន៖ «ហ៊ាន​ប៉ះ ប៉ុល សារឿន ប៉ះ នេត សាវឿន ពួក​នេះ​ទាញ​កម្លាំង​ដាក់​ភឹង។ ឯង​សន្យា ឯង​ថា​អត់​ដក​អញ ឥឡូវ​ឯង​ដក​ម៉េច។ ចៅហ្វាយ​ខេត្ត​នានា ទាញ​កម្លាំង​ដាក់​ភឹង។ ឯង​សន្យា​មិន​គោរព​យ៉ាង​ម៉េច។ ដល់​ធ្វើ​អត់​បាន ក្រុម​អ្នក​គាំទ្រ​វិញ​ម្ដង។ ទេ! លោក​ឯង​សន្យា​ឱ្យ​អញ​ធ្វើ​ចៅហ្វាយ​ស្រុក ម៉េច​ក៏​មិន​ឱ្យ​អញ ទុក​អា​ពួក​ហ្នឹង​ដដែល។ លោក​ប្រធាន​ដោះស្រាយ​ទៅ»

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ថ្លែង​បែប​នេះ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ថ្ងៃ​ខួប​ទី​២៤ នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា ឬ​ហៅ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១។ ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មាន​រូបលោក​ជា​ភាគី​ហត្ថលេខី​ដែរ​នោះ។

មាត្រា ៩ នៃ​កិច្ច​ព្រមព្រៀង​ចែង​ថា៖ “ការ​ឈប់​បាញ់​គ្នា​ត្រូវ​ចាប់​អនុវត្ត​ចាប់​តាំង​ពី​ពេល​ដែល​កិច្ច​ព្រមព្រៀង​ចូល​ជា​ធរមាន។ គ្រប់​កងកម្លាំង​ទាំង​អស់​ត្រូវ​ដោះ​ដាំ​ឈប់​ច្បាំង​គ្នា​ភ្លាម ហើយ​ត្រូវ​ផ្អាក​ឈប់​ធ្វើ​សកម្មភាព​ប្រទូសរ៉ាយ​ទាំង​អស់ និង​ឈប់​ដាក់​ពង្រាយ​ទ័ព ចលនា​ទ័ព ឬ​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​នាំ​ឱ្យ​ពង្រីក​ដែនដី​ដែល​ខ្លួន​ត្រួតត្រា ឬក៏​ដែល​អាច​នាំ​ទៅ​រក​ការ​ប្រយុទ្ធ​គ្នា​ជាថ្មី។ ចំណែក​មាត្រា ១២ នៃ​កិច្ចព្រមព្រៀង ស្ដីពី​ការ​បោះ​ឆ្នោត​ចែង​ថា ប្រជាជន​កម្ពុជា ត្រូវ​មាន​សិទ្ធិ​សម្រេច​ពី​អនាគត​នយោបាយ​របស់​ខ្លួន​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ”

​ក្រៅ​ពី​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សារ​សង្គ្រាម​របស់​លោក ហ៊ុន សែន ក៏​ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា រិះគន់​ផង​ដែរ។

លោក អ៊ូ វីរៈ នាយក​អង្គការ​វេទិកា​អនាគត បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៩ តុលា ថា បើសិនជា​មន្ត្រី​រាជការ​សាធារណៈ ដូចជា​កងកម្លាំង​ប្រដាប់​អាវុធ​ប្រើប្រាស់​កម្លាំង​ដើម្បី​ច្បាម​យក​អំណាច ឬ​ក្រាញ​អំណាច ពេល​មានការ​ផ្លាស់ប្ដូរ​តួនាទី កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​យោធានិយម មិន​មែន​ប្រជាធិបតេយ្យ​នោះ​ទេ ដែល​មាន​ន័យ​ថា ការ​បោះឆ្នោត​នឹង​គ្មាន​ន័យ​អ្វី​ទាំង​អស់។

​លោក អ៊ូ វីរៈ៖ «តាម​ពិតជា​តួនាទី​របស់​លោក ហ៊ុន សែន ពេល​ដែល​គាត់​កំពុង​កាន់​អំណាច​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​មន្ត្រី​ទាំងឡាយ​ធានា​ថា ខ្លួន​ស្មោះត្រង់​ជាមួយ​នឹង​ជាតិ ប៉ុន្តែ​មិនមែន​ស្មោះត្រង់​ជាមួយ​គណបក្ស​នយោបាយ​ទេ។ មាន​ន័យ​ថា គណបក្ស​នយោបាយ​មួយ​ណា​ទទួល​បាន​ការ​បោះ​ឆ្នោត និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ គឺ​មន្ត្រី​ទាំង​ឡាយ​ត្រូវតែ​ស្ដាប់​គណបក្ស​នយោបាយ​មួយ​ហ្នឹង»

​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ ត្រង់​មាត្រា ៩ ចែង​ថា យោធិន​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​មុខ​នាទី និង​ក្នុង​សកម្មភាព​ការងារ ហើយ​ត្រូវ​បាន​ហាមឃាត់​ការ​ប្រើ​មុខ​ងារ និង​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល