"យុវជន​ខ្លះ​នៅ​មិន​អាច​ចូល​រួម​សកម្មភាព​សង្គម​និង​នយោបាយ​បាន​ពេញលេញ"

ដោយ យ៉ង ចាន់តារា
2015-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុមយុវជន​ដែល​​ជា​កម្មករ​ ត្រូវ​សមត្ថកិច្ច​វាយ​ដំ និង​ចាប់​​ចង ពេល​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
ក្រុមយុវជន​ដែល​​ជា​កម្មករ​ ត្រូវ​សមត្ថកិច្ច​វាយ​ដំ និង​ចាប់​​ចង ពេល​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Sek Bandith

គោលនយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា ត្រូវ​បាន​ទទួល​ការ​ឯកភាព​ពី​គណៈរដ្ឋមន្ត្រី កាល​ពី​ឆ្នាំ​២០១១។ បំណង​នៃ​គោលនយោបាយ​នេះ គឺ​ដើម្បី​អភិវឌ្ឍ​យុវជន​ឱ្យ​មាន​បុគ្គលិក​លក្ខណៈ​ពេញលេញ​លើ​ផ្នែក​រាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និង​បំណិន។ យុទ្ធសាស្ត្រ ២​សំខាន់​នៅ​ក្នុង​គោលនយោបាយ​ជាតិ​នេះ គឺ​បង្កើន​ការ​ចូលរួម​របស់​យុវជន ព្រម​ទាំង​លើក​កម្ពស់​កិច្ច​ការពារ សុវត្ថិភាព សន្តិសុខ និង​យុត្តិធម៌។

តើ​យុវជន​កម្ពុជា អាច​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​នយោបាយ​បាន​ដល់​កម្រិត​ណា?

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ និង​យុវជន បាន​វាយ​តម្លៃ​ថា យុវជន​កម្ពុជា មួយ​ចំនួន​មិនទាន់​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ខ្លាំងក្លា​នៅ​ឡើយ​ចំពោះ​ការ​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​នយោបាយ។ ជា​ញឹកញាប់ ក្រុម​យុវជន​ខ្លះ​តែង​ត្រូវ​បាន​រារាំង ឬ​លាប​ពណ៌​ពី​សំណាក់​អាជ្ញាធរ ថា​ជា​ក្រុម​ជ្រុល​និយម ដែល​បាន​បង្ក​អសន្តិសុខ និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ នៅ​ពេល​ដែល​ពួកគេ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ទាមទារ​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន។

ស្ថាបនិក​ក្រុម​យុវជន​កាហ្វេ​នយោបាយ លោក អ៊ូ រឹទ្ធី បាន​កត់សម្គាល់​ថា អាជ្ញាធរ​ហាក់​មាន​ភាព​លម្អៀង​ចំពោះ​យុវជន​នៅ​ពេល​ពួកគេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុង​កិច្ចការ​នយោបាយ និង​សង្គម។ ផ្ទុយ​ទៅ​វិញ ក្រុម​យុវជន​ណា​ដែល​មាន​ភាព​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​គាំទ្រ​ទាំង​ផ្នែក​ស្មារតី បច្ចេកទេស និង​ហិរញ្ញវត្ថុ៖ «ក្រឡេក​មើល​យុវជន​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ គណបក្ស​ប្រឆាំង ឬ​ក៏​យុវជន​ដទៃ​ទៀត​ដែល​មិន​ពាក់ព័ន្ធ​គណបក្ស​នយោបាយ​ប្រឆាំង​ទេ។ គាត់​ពាក់ព័ន្ធ​នឹង​អង្គការ ប៉ុន្តែ​គាត់​ធ្វើ​រឿង​ក្តៅ។ គាត់​ធ្វើ​រឿង​ទាក់ទង​នឹង​បរិស្ថាន ធ្វើ​រឿង​ទាក់ទង​នឹង​ដីធ្លី ទាក់ទង​នឹង​ព្រៃ​ឈើ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន មិន​ត្រឹម​តែ​មិន​លើក​ទឹក​ចិត្ត​ទេ ចាប់​ដាក់​គុក ហើយ​ព្រមាន​បង់​ពិន័យ​ជាដើម។ អ៊ីចឹង​វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ ហើយ​មិន​គួរ​ឲ្យ​កើត​មាន​ចំពោះ​យុវជន»

ហេតុការណ៍​សំខាន់ៗ​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ​យុវជន ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក ក្នុង​នោះ​យុវជន​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន ចាប់​ខ្លួន​ដាក់​ពន្ធនាគារ និង​ខ្លះ​បាន​បាត់​បង់ជីវិត​ដោយសារ​ការ​បង្ក្រាប​របស់​អាជ្ញាធរ។ ដើម​ឆ្នាំ​២០១៤ នៅ​លើ​ផ្លូវ​វ៉េងស្រេង និង​នៅ​ក្បែរ​រោងចក្រ យ៉ាកជីន កងកម្លាំង​នៃ​កងពល​លេខ ៩១១ បាន​ធ្វើ​ការ​បង្ក្រាប​លើ​ហ្វូង​បាតុករ​ដែល​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ។ ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឱ្យ​បាតុករ ៥​នាក់​ស្លាប់ ជាង ៤០​របួស និង ២៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​ដែល​ពួកគេ​ទាំង​នោះ​ភាគ​ច្រើន​ជា​យុវជន។

​នៅ​ឆ្នាំ​២០១៥ ខែ​ឧសភា សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​សំណើ​របស់​ក្រុម​យុវជន​មក​ពី​សាកលវិទ្យាល័យ​មួយ​ចំនួន ដែល​ចង់​ជួបជុំ​គ្នា​ជិះ​កង់​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ប្រទេស​ឡាវ។

នៅ​ខែ​១១ ខែ​កក្កដា ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្ដន្ទាទោស​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ១១​នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១០​ឆ្នាំ ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុប្បកម្ម​ក្បែរ​ស្ពាន​នាគ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ អាជ្ញាធរ​មិន​បាន​បញ្ឈប់​ត្រឹម​ការ​ចាប់​ខ្លួន​មនុស្ស​ទាំង ១១​នាក់​នោះ​ទេ ប៉ុន្តែ​នៅ​បន្ត​តាម​ចាប់​ខ្លួន​សកម្មជន​មួយ​ចំនួន​ទៀត ហើយ​នៅ​ដើម​ខែ​សីហា នេះ សកម្មជន​បក្ស​ប្រឆាំង ៣​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។ សកម្មជន​បក្ស​ប្រឆាំង​ទាំង​នេះ ភាគ​ច្រើន​ក៏​ជា​យុវជន​ដូច​គ្នា។

ដោយ​ឡែក​នៅ​ខែ​សីហា នេះ យុវជន ៣​នាក់ ដែល​ជា​សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​សីហា ពី​បទ​គំរាមកំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ។

ករណី​ថ្មី​ចុង​ក្រោយ​បំផុត គឺ​ការ​ចាប់​ខ្លួន​យុវជន គង់ រ៉ៃយ៉ា ជា​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ ក្រោយ​ពី​យុវជន​រូប​នេះ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ដោយ​សរសេរ​ថា "តើ​មាន​បងប្អូន​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ? ថ្ងៃ​ណា​មួយ​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លាស់ប្ដូរ​របប​ដ៏​ថោក​ទាប​មួយ​នេះ​ចេញ​ពី​សង្គម​ខ្មែរ ទោះ​បី​ជា​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ"។

តាម​រយៈ​ការ​សរសេរ​បែប​នេះ យុវជន គង់ រ៉ៃយ៉ា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ បើ​តុលាការ​រក​ឃើញ​ថា មាន​ទោស​មែន​នោះ។

ទាក់ទង​នឹង​ករណី​ដែល​បាន​រៀបរាប់​ខាង​លើ អាជ្ញាធរ តុលាការ ឬ​រដ្ឋាភិបាល តែងតែ​បក​ស្រាយ​ថា ជា​ការ​អនុវត្ត​តាម​ច្បាប់​ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ផ្ទុយ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ដែល​ចោទ​ថា រដ្ឋាភិបាល​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់។

ការ​រឹតត្បិត​យុវជន ក៏​ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា មាន​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត (Internet) ផង​ដែរ។ លោក សូ សោទ្ធី មន្ត្រី​សម្របសម្រួល​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​វាយ​តម្លៃ​ថា ថ្វី​ដ្បិតតែ​សេរីភាព​បញ្ចេញ​មតិ​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​អ្នក​ប្រើប្រាស់​នៅ​តែ​អាច​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់​ដដែល នៅ​ពេល​អាជ្ញាធរ​គិត​ថា ការ​សរសេរ​នោះ​មាន​លក្ខណៈ​វាយ​ប្រហារ​រដ្ឋាភិបាល៖ «ការ​បញ្ចេញ​មតិ​ដើម្បី​ស្ថាបនា ជួន​កាល​ត្រូវ​បាន​បង្ក្រាប​ដោយ​ផ្លូវ​ច្បាប់ មាន​ន័យ​ថា គេ​យល់​ថា ការ​បញ្ចេញ​មតិ​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា ក្លាយ​ទៅ​ជា​ការ​ប្រមាថ ឬ​ក៏​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជាពិសេស​ទៅ​ដល់​បុគ្គល​សាធារណៈ ដែល​ជា​មន្ត្រី​រដ្ឋាភិបាល។ ហើយ​ពួក​គាត់​បាន​ប្រើ​ច្បាប់​បរិហារ​កេរ្តិ៍ ដែល​ជា​ច្បាប់​ព្រហ្មទណ្ឌ ដើម្បី​ដាក់​ទោស​ទៅ​លើ​ការ​បញ្ចេញ​មតិ​នៅ​លើ​អនឡាញ (Online)»

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​សង្ខេប​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចេញ​ផ្សាយ​នៅ​ខែ​មេសា ឆ្នាំ​២០១៥ បញ្ជាក់​ថា ដោយសារតែ​កំណើន​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត កាន់​តែ​ខ្ពស់ (ជិត ៩​លាន​នាក់) និង​មិន​មាន​ការ​ត្រួត​ពិនិត្យ រាជរដ្ឋាភិបាល​កម្ពុជា ហាក់​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន និង​បង្កើត​ឱ្យ​វិធានការ​ផ្សេងៗ ដើម្បី​អាច​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​នេះ​បាន។ វិធានការ​ទាំង​នោះ​រួម​មាន សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា គម្រោង​ដំឡើង​ឧបករណ៍​តាមដាន​លើ​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា​អ៊ិនធឺណិត​ក្នុង​ប្រទេស និង​ការ​បង្កើត​ក្រុម​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​ឃ្លាំមើល​គេហទំព័រ ពិសេស​គឺ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពី​ការ​ផ្សាយ​ព័ត៌មាន​ដែល​អាច​មាន​លក្ខណៈ​មិន​ពិត​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​ដោយ​មាន​ការ​រិះគន់​ច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​បាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទម្លាក់​ចោល​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​២០១៤។

​ទោះបីជា​មាន​ការ​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក៏ដោយ ក៏​រដ្ឋាភិបាល​ហាក់​មិន​ទាន់​អស់​ចិត្ត​ក្នុង​ការ​រឹត​បន្តឹង​ការ​ប្រើប្រាស់​អ៊ិនធឺណិត​ដែរ។ ជាក់ស្ដែង​កាល​ពី​ខែ​ឧសភា កន្លង​ទៅ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក របស់​លោក​ថា "នឹង​ចាត់​វិធានការ​ណា​មួយ​ទាំង​ផ្លូវ​បច្ចេកទេស និង​ផ្លូវ​ច្បាប់ ដើម្បី​រក្សា​សេរីភាព និង​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ"  ក្នុង​ករណី​ដែល​មាន​ជន​ណា​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​ដើម្បី​ប្រើ​ពាក្យ​អសុរោះ ប្រមាថ មាក់ងាយ បំផ្លើស និង​វាយ​ប្រហារ​បរិហារ​បង្កាច់​កេរ្តិ៍ ទៅ​លើ​មន្ត្រី​រាជការ​សាធារណៈ។

​ជំរឿន​ទូទៅ​ប្រជារាស្ត្រ​កម្ពុជា ឆ្នាំ​២០០៨ បង្ហាញ​ថា យុវជន​កម្ពុជា មាន​ចំនួន ៣៣​ភាគរយ ឬ​ស្មើ​នឹង​ជាង ៤​លាន​នាក់​នៃ​ចំនួន​ប្រជាជន​សរុប​ទាំង ១៣​លាន​នាក់។ តាម​ការ​ប៉ាន់ស្មាន​របស់​លោក ស៊ិន ទិត្យសីហា មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) ចំនួន​យុវជន​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង ២០១៨ ខាង​មុខ មាន​ប្រហែល ៤០​ភាគរយ​នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប​ប្រហែល ១០​លាន​នាក់៖ «គណបក្ស​នយោបាយ​ហ្នឹង គាត់​ត្រូវ​គិតគូរ​ពី​សំឡេង​របស់​យុវជន ពីព្រោះ​បើ​យុវជន​ទាំងអស់​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ បើ​សិន​គណបក្ស​នយោបាយ​ណា​មួយ​នៅ​មុន​ពេល​បោះ​ឆ្នោត គាត់​មាន​សកម្មភាព គាត់​មាន​គោល​នយោបាយ​លើក​កម្ពស់​យុវជន ខ្ញុំ​គិត​ថា​លទ្ធផល​អាច​មាន​ការ​ប្រែប្រួល»

បើ​ទោះ​ជា​យុវជន​ហាក់​មិន​ទាន់​អាច​ចូលរួម​ដោយ​ពេញលេញ​ក្នុង​កិច្ចការ​នយោបាយ និង​សង្គម​ក៏ដោយ ក៏​ពួកគេ​ខ្លះ​នៅតែ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​សកម្មភាព​របស់​ខ្លួន​ដដែល ដោយ​រំពឹង​ថា នឹង​នាំ​យក​នូវ​ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​សម្រាប់​អនាគត​ផ្ទាល់​ខ្លួន និង​ប្រទេស​ជាតិ។

​សំឡេង​យុវជន៖ «សំណូមពរ​ទៅ​ខាង​រដ្ឋាភិបាល សុំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត ឬ​ក៏​ការ​ឲ្យ​តម្លៃ​លើ​ការ​ចូលរួម ឬ​ការ​សម្រេច​ចិត្ត​របស់​យុវជន​ឲ្យ​បាន​ច្រើន​ចូល​ក្នុង​កម្មវិធី​របស់​ជាតិ។ បើ​សិន​ជា​យើង​គិត​ថា យើង​ចង់​អភិវឌ្ឍ​យុវជន លុះត្រា​តែ​យើង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​យុវជន​ឲ្យ​បាន​ច្រើន ក៏ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​រូបភាព​នៃ​ការ​គំរាម​កំហែង​ដោយ​ស្មារតី និង​កម្លាំង​បែប​នេះ វា​ជា​សកម្មភាព​មួយ​នៃ​ការ​មិន​ធ្វើ​ឲ្យ​យុវជន​មាន​សេចក្តី​ទុក​ចិត្ត​ទៅ​លើ​សកម្មភាព​របស់​ខ្លួន (រដ្ឋាភិបាល)»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល